ចាប់តាំងពីរងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ដោយសារតែសង្គ្រាមឈ្លានពានអ៊ុយក្រែនមក ប្រទេសរុស្ស៊ី កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងដំណំ។ តួយ៉ាង ក្រៅតែពីប្រេងឆៅ និងឧស្ម័នដែលជាផលិតផលនាំចេញដ៏សំខាន់របស់រុស្ស៊ី ត្រូវបានប្រទេសលោកខាងលិចមួយចំនួនដូចជាអាមេរិក និងអង់គ្លេសបានប្រកាស់ឈប់នាំចូលហើយនោះ ឥឡូវនេះ តម្លៃទំនិញសំខាន់ៗជាច្រើនទៀត ក៏កំពុងប្រឈមនឹងបញ្ហាដូចគ្នា រាប់ទាំងមាស ដែលរុស្ស៊ីបានបម្រុងទុកផងដែរ ពោលគឺ មិនមានប្រទេសណាមួយចង់ទិញពីរុស្ស៊ីនោះទេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Business Insider។
ទោះយ៉ាងណា តម្លៃមាសនៅក្នុងប្រទេសរុស្ស៊ីនៅតែមានការកើនឡើងខ្ពស់ផងដែរ ដោយសារតែប្រាក់រូប្លរបស់ប្រទេសនេះ កំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយសារតែរងទណ្ឌកម្មផ្ទួនៗពីប្រទេសលោកខាងលិច។
បច្ចុប្បន្ន ប្រទេសរុស្ស៊ី ត្រូវបានគេដឹងថា មានស្ដុកទុកមាសប្រហែល ២ពាន់៣រយតោន ស្មើនឹងតម្លៃទឹកប្រាក់ជិត១៤០ពាន់លានដុល្លារអាមេរិក។ ការសន្សំទុកមាសដ៏សម្បើមរបស់រុស្ស៊ី គឺបានធ្វើឡើងមកអស់រយៈពេលប្រហែល ១៥ឆ្នាំមកហើយ ដែលវាត្រូវបានបម្រុងទុកសម្រាប់ជាគោលនយោបាយធានារ៉ាប់រងសេដ្ឋកិច្ចរយៈពេលខ្លីរបស់រុស្ស៊ី។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cork University Business School លោក Fergal O’Connor បានលើកឡើងនៅក្នុងសារព័ត៌មាន Bloomberg ដោយពន្យល់ថា រុស្ស៊ីគឺបានត្រៀមខ្លួនទុកជាមុនរួចអស់ហើយនៅក្នុងស្ថានភាពសង្គ្រាមកើតឡើង ដូច្នេះហើយ ទើបរុស្ស៊ីបានរក្សាទុកមាសរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ស្ថានការណ៍ដ៏អាក្រក់កើតមានឡើងចំពោះសេដ្ឋកិច្ចខ្លួន។ ហើយបើទោះបីជា គ្មាននរណាធ្វើពាណិជ្ជកម្មជាមួយ ក៏គ្មានបញ្ហាដែរ។
យ៉ាងណាក៏ដោយចុះ កាលពីសប្ដាហ៍មុន ទីផ្សារមាសទីក្រុងឡុង ចក្រភពអង់គ្លេស ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការជួញដូរមាសដុំ បានហាមឃាត់ការជួញដូរទាំងអស់ជាមួយក្រុមហ៊ុនប្រេងរុស្ស៊ី ដែលវាគឺជាការបិទខ្ទប់រុស្ស៊ីពីជំនួញសកលលោកផងដែរ។
បន្ថែមពីនេះ ព្រឹសភាអាមេរិកក៏បានធ្វើសេចក្ដីព្រាងច្បាប់ដើម្បីហាមឃាត់ពលរដ្ឋអាមេរិក ពីការធ្វើប្រតិបត្តិការទូទាត់ទាក់ទងនឹងមាសពីរុស្ស៊ីដូចគ្នាដែរ។
អ្នកជំនាញ បានលើកឡើងថា ការផ្គង់ផ្គង់មាសដ៏សម្បើមគឺជាទ្រព្យសម្បត្តិមួយ នៃទ្រព្យសម្បត្តិតិចតួចនៅសេសសល់ ដែលលោកពូទីនអាចយកមកប្រើប្រាស់ដើម្បីជាជន្ទល់ទប់សេដ្ឋកិច្ចកុំឲ្យដួលរលំនៅពេលខាងមុខ។ ប៉ុន្ដែ តាមរយៈ ទណ្ឌកម្មដែលដាក់លើទុនបម្រុងរបស់រុស្ស៊ី នោះវានឹងធ្វើឲ្យរុស្ស៊ី កាន់តែស្ថិតក្នុងភាពឯកោពីសេដ្ឋកិច្ចពិភពលោក និងបង្កើនការលំបាកដល់ការបង្កើនចំណាយលើយុទ្ធនាការយោធោរបស់រុស្ស៊ីផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់នៅក្នុងសារព័ត៌មាន Bloomberg ទៀតថា ប្រសិនបើរូបិយបណ្ណរុស្ស៊ី បន្ដធ្លាក់ចុះ នោះរុស្ស៊ីអាចនឹងត្រូវប្រើប្រាស់មាសដែលបម្រុងទុកទាំងនោះ មកធានាតម្លៃថេរនៃប្រាក់រូប្លរបស់ខ្លួន កុំឲ្យធ្លាក់ចុះកាន់តែខ្លាំងថែមទៀត។ សូមបញ្ជាក់ថា ក្នុងរយៈពេលប្រហែល ៤សប្ដាហ៍មកនេះ ប្រាក់រូប្លរបស់រុស្ស៊ីបានធ្លាក់ចុះតម្លៃ ២៥%ហើយ៕