ប៉ុន្ដែ ក្រសួងការពាររុស្ស៊ី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក មីន អោងឡាំង និងបានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់រុស្ស៊ីនោះ គឺជាលក្ខណៈឯកជនប៉ុណ្ណោះ មិនមែនជាជំនួបផ្លូវរដ្ឋនោះទេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ស្របពេលដែលសហរដ្ឋអាមេរិកថ្មីៗនេះ បានជំរុញឲ្យចិន និងអាស៊ានបន្ដដាក់សម្ពាធលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញនោះ លោកមីន អោងឡាំង ដែលជាមេដឹកនាំយោធារបស់ប្រទេសនេះ បានងាកទៅត្រូវដងត្រូវផ្លែជាមួយរុស្ស៊ីកាន់តែខ្លាំង។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកមីន អោងឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ដោយបានជួបជាមួយនឹងមន្ត្រីកំពូលៗរបស់រុស្ស៊ីផងដែរ ខណៈដែលដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ កំពុងស្វែងរកការគាំទ្របន្ថែមពីរុស្ស៊ីកាន់តែខ្លាំងថែមទៀត នៅគ្រាដែលសម្ពាធពីអន្តរជាតិកាន់តែមានធ្ងន់ឡើងៗ។
នៅក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ទីក្រុងម៉ូស្គូ ក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរ ដោយបានលើកឡើងថា ជំនួបរវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី ជាមួយលោកមីន អោងឡាំង គឺបានធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្ដែ បានបញ្ជាក់ថា វត្តមានរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ គឺគ្រាន់តែជាដំណើរទស្សនកិច្ចលក្ខណៈឯកជនតែប៉ុណ្ណោះ។
ទោះជាបែបនេះក្ដី នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា កិច្ចប្រជុំរវាងលោកមីន អោងឡាំង និងមន្ត្រីកំពូលៗនៃក្រសួងការពារជាតិរុស្ស៊ី គឺបានបញ្ជាក់ពីការតាំងចិត្តទៅវិញទៅមក ក្នុងការកសាងកិច្ចសហប្រតិបត្តិការពហុភាគី រវាងនាយកដ្ឋានយោធានៃប្រទេសទាំងពីរ ប្រកបដោយស្ថិរភាព។
លោក Thomas Andrews អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា ធ្លាប់បាននិយាយថា រុស្ស៊ី បានផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន សម្រាប់របបយោធាមីយ៉ាន់ម៉ា ព្រមជាមួយនឹង យន្ដហោះចម្បាំងចំនួន២ប្រភេទ រថពាសដែក២ប្រភេទ រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។
សូមបញ្ជាក់ថា ភាពវឹកវរនៅប្រទេសមីយ៉ាន់ម៉ាបានកើតឡើងឥតឈប់ឈរ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារដោយយោធាលើរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអោង សានស៊ូជី កាលពីដើមឆ្នាំ២០២១មក។ រដ្ឋប្រហារនេះ ក៏បានបញ្ចប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទើបបានកសាងឡើងមកអស់រយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ជាមួយគ្នានេះ ការតវ៉ាប្រឆាំងនឹងរបបយោធានៅមីយ៉ាន់ម៉ា ក៏ត្រូវបានបង្ក្រាបយ៉ាងសាហាវឃោឃៅពីសំណាក់ក្រុមយោធា រួមមានការបាញ់សម្លាប់ជនស្លូតត្រង់ជាច្រើនផងដែរ។
អង្គការសហប្រជាជាតិ បាននិយាយថា តាមការស៊ើបអង្កេតរបស់ខ្លួនបង្ហាញថា យោធាមីយ៉ាន់ម៉ា គឺបានប្រព្រឹត្តអំពើកាប់សម្លាប់រង្គាល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈដែលខាងរបបយោធាវិញ អះអាងថា ពួកគេកំពុងស្វែងរកការស្ដារសន្ដិភាព និងសណ្ដាប់ធ្នាប់ប្រទេសឡើងវិញតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យប្រទេសចិន និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់សម្ពាធលើមេដឹកនាំមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ និងជំរុញឱ្យទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលបានព្រមព្រៀងនាពេលកន្លងមក។
លោក ប្លីនខិន បាននិយាយថា «ការគាំទ្រក្នុងតំបន់សម្រាប់ការប្រកាន់ខ្ជាប់របស់របបសឹកមីយ៉ាន់ម៉ាទៅនឹងការឯកភាពលើ៥ចំណុច ដែលត្រូវបានបង្កើតឡើងដោយអាស៊ាននោះ គឺមានសារៈសំខាន់បំផុត ប៉ុន្តែវាមិនបានកើតឡើងនោះទេ។ ប្រទេសអាស៊ានចាំបាច់ត្រូវឱ្យរបបនេះទទួលខុសត្រូវចំពោះបញ្ហានោះ គឺត្រូវបន្តទាមទារឱ្យបញ្ឈប់អំពើហិង្សា និងការដោះលែងអ្នកទោសជាដើម»៕