ទោះយ៉ាងណា បញ្ហាប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាន និងកំពុងធ្វើឲ្យស្ថានភាពអតិផរណានៅកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់។ ធនាគារជាតិនៃកម្ពុជាកាលពីចុងឆ្នាំ២០២១ក៏ធ្លាប់បានព្យាករណ៍ពីអតិផរណានៅឆ្នាំ២០២២ នឹងមានក្នុងអត្រា២,៦% ក្រោយរំពឹងតម្លៃទំនិញ និងម្ហូបអាហារថយចុះ និងការផ្គត់ផ្គង់កើនឡើង។
ការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល កំពុងបង្កជាក្តីបារម្ភដល់កម្ពុជា ក្នុងការប្រឈមនឹងវិបត្តិអតិផរណាកើនឡើង។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេស នៃធនាគារជាតិ នៃកម្ពុជាសង្កេតឃើញថា ស្ថានភាពអតិរណានៅកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងនិន្នាការកើនឡើង បន្ទាប់ពីតម្លៃប្រេងឥន្ធនៈសកលបានហក់ឡើងយ៉ាងគំហុកនៅប៉ុន្មានសប្តាហ៍មកនេះ ក្រោយមានការផ្ទុះសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន។
ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោកជំទាវ ជា សិរី វាយតម្លៃថា ចង់ឬមិនចង់កម្ពុជានឹងប្រឈមនឹងបញ្ហាអតិផរណាកើនឡើងក្នុងរយៈខ្លី និងមធ្យម ដោយសារតែតម្លៃប្រេងកំពុងកើនខ្ពស់។ មន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបនេះព្យាករថា អតិផរណានៅឆ្នាំ២០២២ នឹងមានការកើនឡើងលើសការរំពឹងទុករបស់ធនាគារជាតិ ដែលបានព្យាករណ៍ ក្នុងរង្វង់២,៦%ទៅទៀត។ ប៉ុន្តែ ធនាគារជាតិមិនទាន់អាចវាយតម្លៃថា តើអតិផរណាឆ្នាំនេះ នឹងកើនឡើងប៉ុន្មានភាគរយនោះទេ ព្រោះស្ថានភាពស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជំទាវ ជា សិរី បានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលតម្លៃទំនិញលើផ្សារនិងអត្រាប្តូរប្រាក់រវាងប្រាក់ដុល្លារ និងប្រាក់រៀល។ ការតានដាននេះ គឺដើម្បីឈានទៅវាយតម្លៃ ថាតើការកើនឡើងតម្លៃប្រេងឥន្ធនៈបានជះឥទ្ធិពលធ្វើឲ្យការមានការប្រែប្រួលតម្លៃទំនិញលើទីផ្សារយ៉ាងណា ហើយកម្ពុជាអាចប្រឈមនឹងអតិផរណាកម្រិតណា។
គួររំលឹកថា កាលពីចុងឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានព្យាករថា អតិផរណារួមរបស់កម្ពុជានៅឆ្នាំ២០២២ អាចនឹងមានក្នុងអត្រា២,៦% ក្រោយរំពឹងថា តម្លៃទំនិញ និងម្ហូបអាហារផ្សេងៗ ជាពិសេសប្រេងឥន្ធនៈនឹងបន្តធ្លាក់ចុះ គួបផ្សំការផ្គត់ផ្គង់ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។ កាលពីឆ្នាំ២០២០ និង ២០២១ អតិផរណារបស់កម្ពុជាស្ថិតក្នុងរង្វង់២,៩% ជាមួយនឹងអត្រាប្ដូរប្រាក់មានបម្រែបម្រួលទាបជាង១%ប៉ុណ្ណោះ។
សូមញ្ជាក់ថា កន្លងមក ស្ថាប័នអន្តរជាតិធំៗដូចជា IMF និង ធនាគារពិភពលោកជាដើម សុទ្ធតែបានព្រមានអំពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលអាចបង្កប៉ះពាល់ដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ក៏ដូចជាជះឥទ្ធិពលធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងដាក់សម្ពាធកាន់តែខ្លាំងទៅលើស្ថានភាពអតិរណាពិភពលោកដែលបាននិងកំពុងតែកើនឡើងស្រាប់ទៅហើយនោះ៕