វិស័យ SME

វិស័យ SME នៅតែជួបបញ្ហាប្រឈមមួយចំនួន ទោះមានសម្ទុះរីកចម្រើនខ្លាំងនៅមួយរយៈចុងក្រោយ


វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា បាននិងកំពុងបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ពីមានការបិទច្រកព្រំដែនគោកជាមួយប្រទេសជិតខាង និងការងើបឡើងនៃចលនាគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅតែមើលឃើញថា វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយនេះ នៅតែបន្តជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការហក់ឡើងនៃថ្លៃដើមផលិតកម្ម ក្រោមសម្ពាធនៃវិបត្តិ និងការប្រែប្រួលសេដ្ឋកិច្ចសកល។
វិស័យ SME
ដោយ

ឧកញ៉ា កែវ មុំ ប្រធានសមាគមសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាវិស័យ SME កម្ពុជាមានសម្ទុះរីកចម្រើនខ្លាំងនៅមួយរយៈចុងក្រោយនេះក៏ដោយ ​ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួន ពិសេសការពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមត្រូវការចំណាយពេលយូរ ដែលធ្វើឱ្យបរិមាណផលិតក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃទាប និងគេចពន្ធ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា​ ដើម្បីឱ្យ SME កម្ពុជា​អាចបន្តរីកចម្រើនបានលឿនប្រកបដោយនិរន្តរភាពនោះ ពិសេសក្នុងវិបត្តិ នៃការប្រែប្រួលសកល ទាមទារឱ្យមានការជួយជ្រោមជ្រែងបន្ថែមពីរដ្ឋ ពិសេសការកាត់បន្ថយថ្លៃដើម ថ្លៃអគ្គិសនី និងការបន្ធូរបន្ថយផ្នែកពន្ធដារក្នុងរយៈពេលកំណត់ណាមួយ ដើម្បីឱ្យសហគ្រាសមានលទ្ធភាពពង្រីកខ្លួនបានកាន់តែខ្លាំង។ ទន្ទឹមនេះ រដ្ឋត្រូវតែរឹតបន្ទឹងការនាំចូលទំនិញគេចពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យអ្នកផលិតស្រុកមានលទ្ធភាពក្រកួតប្រជែងដោយតម្លាភាព។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ទី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីឱ្យវិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជាមួយនេះមានភាពប្រកួតប្រជែងខ្ពស់ ទប់ទល់នឹងបញ្ហាប្រឈមសកល ចាំចាប់ត្រូវជំរុញការកាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យបានទាប បង្កើនកម្លាំងពលកម្មជំនាញបន្ថែម ព្រមជាមួយការជំរុញការតភ្ជាប់ខ្សែច្រវាក់​ផលិតកម្មគាំទ្រក្នុងវិស័យនេះ​ឱ្យបានច្រើន។ អ្នកជំនាញរូបនេះបានបន្ថែមថា អ្វីដែលកាន់តែសំខាន់នោះ គឺការជំរុញសហគ្រាស SME​ ឱ្យចូលក្នុងប្រព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្ម។

ពាក់ព័ន្ធបញ្ហានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា នៅពេលដែលមានវិបត្តិភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកលកើតឡើង អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតនោះ គឺសហគ្រាស SME ក្នុងស្រុក។ ដូច្នេះលោកបណ្ឌិតយល់ថា​ រដ្ឋគួរតែមានវិធានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាស SME នៅក្នុងវិបត្តិ នៃបញ្ហាប្រឈមសកលនេះ ព្រមជាមួយការដាក់ចេញនូវយន្តការកាត់បន្ថយថ្លៃដើម តាមរយៈការបញ្ចុះតម្លៃអគ្គិសនី និងពន្លឿនការវិនិយោគលើវិស័យភស្តុភារកម្មបន្ថែម ដើម្បីទម្លាក់ថ្លៃដើមដឹកជញ្ជូន។

គួរជម្របាថា ចាប់តាំងពីមានការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ និងចលនាពហិការផលិតផលថៃយ៉ាងផុសផុលរបស់ពលរដ្ឋខ្មែរមក បានជំរុញឱ្យសម្ទុះគាំទ្រផលិតផលក្នុងស្រុកបានកើនឡើងជាង៣០% នាពេលបច្ចុប្បន្ននេះ ដែលជាសញ្ញាណវិជ្ជមានមួយរបស់វិស័យ SME កម្ពុជា និងជាឱកាសដ៏ល្អបំផុតសម្រាប់វិស័យនេះដើម្បីជំរុញការរីកចម្រើនរបស់ខ្លួនបន្ថែមទៀត៕




អត្ថបទបន្ទាប់


ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកំពុងអង្រួនពិភពលោក តើវិស័យការងារកម្ពុជាឈរជើងបែបណា?

ខណៈដែលភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយកំពុងអង្រួនចរន្តសេដ្ឋកិច្ចសកលឱ្យធ្លាក់ក្នុងភាពស្រពេចស្រពិល និងធ្វើឱ្យវិនិយោគិនអ…

តើកម្ពុជាចាំបាច់ត្រូវចរចាបើកច្រកព្រំដែនឡើងវិញជាមួយភាគីថៃដែរឬទេ?

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានលើកឡើងកាលពីពេលថ្មីៗនេះថា ថៃនឹងបញ្ឈប់ការចរចាជាមួយកម្ពុជាតាមរយៈយន្តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ