កងរំដោះប្រជាជនចិនបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យខ្លួនបានបញ្ជូនបុគ្គលិកពេទ្យជាង ២ពាន់នាក់ ដែលត្រូវបានជ្រើសរើសពីកងទ័ព ទ័ពជើងទឹក និងកងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូនទៅកាន់ទីក្រុងសៀងហៃ។ ខេត្តជាច្រើនដូចជា ជាំងស៊ូ, សៀនចាង និងប៉េកាំង ក៏បានបញ្ជូនបុគ្គលិកថែទាំសុខភាពទៅកាន់ទីក្រុងសៀងហៃ ដោយមានការប៉ាន់ប្រមាណថាលើសពី ១ម៉ឺននាក់ ផងដែរ។
សូមជម្រាបថា៖ នេះគឺជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីបានដោះស្រាយការផ្ទុះឡើងដំបូងនៃជំងឺ កូវីដ-១៩ នៅក្នុងទីក្រុង Wuhan ដែលជាកន្លែងរកឃើញដំបូងនៃការផ្ទុះនៃមេរោគនេះនៅដើមឆ្នាំ ២០២០។
កាលពីថ្ងៃអាទិត្យ ទីក្រុងសៀងហៃបានរាយការណ៍ថា មានករណីឆ្លងប្រចាំថ្ងៃក្នុងស្រុកចំនួនជាង១ម៉ឺនករណី។ នេះគឺជាចំនួនករណីខ្ពស់បំផុតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ១៩នៅក្នុងទីក្រុងនេះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២០។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន NIKKEI ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឱ្យមានការទប់ស្កាត់សម្ទុះនៃការផ្ទុះរាលដាលកូវីឌ១៩ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងនោះផងដែរ កាលពីថ្ងៃទី ២ខែមេសា ឧបនាយករដ្ឋមន្ត្រីចិនលោក ស៊ុន ឈុនឡាន ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅកាន់ទីក្រុងសៀងហៃ លោកក៏បានជំរុញឱ្យទីក្រុង "ត្រូវមានការតាំងចិត្ត និងមានផ្លាស់ប្តូរឲ្យបានឆាប់រហ័ស" ដើម្បីទប់ស្កាត់នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ៕