បើតាមមន្ត្រីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មានខេមបូណូមីស តាមទូរស័ព្ទ ដោយស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការថយចុះនៃកំណើននៃការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុរយៈពេល៤ខែនេះ បណ្តាលមកពីវិបត្តិកូវីដ១៩។
នៅពេលអ្នកសារព័ត៌មានស្នើសុំរបាយការណ៍លម្អិតពីការដឹកជញ្ជូនឆ្លងកាត់កំពុងផែក្រុងព្រះសីហនុរយៈពេល៤ខែនេះ មន្ត្រីកំពង់ផែរូបនេះបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងរបាយការណ៍ គឺយើងអត់អាចបញ្ចេញឲ្យបានទេ ព្រោះថាកាលណាយើងចេញមុនវាពាក់ព័ន្ធនឹងផ្សារហ៊ុន កាលណាយកទិន្នន័យទៅផ្សាយ មុនគណៈកម្មការមូលបត្រផ្សព្វផ្សាយគឺខុស ធ្វើឲ្យផ្សារហ៊ុនឡើងចុះ»។
ជុំវិញការថយចុះនៃកំណើនដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញមន្ត្រីរូបនេះបានឲ្យដឹងថា «កាលពី២០១៩ ក្នុងរយៈពេល៤ខែ ធៀបនឹង២០១៨ យើងទទួលបានកំណើន ១៣,៤៤% ប៉ុន្តែឥឡូវនេះ គឺ៤ខែដូចគ្នាក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ២០១៩ យើងទទួលបានតែ៧,៨៤%ទេ គឺវាថយដែរ ប៉ុន្តែបើកំណើនប្រចាំឆ្នាំ២០១៩ ធៀបនឹង២១០៨វិញ គឺទទួលបាន១៨%ឯណោះ»។ការថយចុះនៃកំណើនដឹកជញ្ជូននេះ គឺដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ-១៩នេះឯង ព្រោះថា បើវាបានប៉ះពាល់សេដ្ឋកិច្ចខាងក្នុងហើយ ហើយការផលិតក៏ត្រូវជួបបញ្ហា ដូចនេះការដឹកជញ្ជូនក៏ប៉ះពាល់ដូចគ្នាដែរ។ ប្រសិនបើបញ្ហានេះ នៅតែបន្តអូសបន្លាយរយៈពេលវែងទៀត នាំឲ្យប៉ះពាល់ដល់សេដ្ឋទាំងមូល ហើយបើមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល នោះច្បាស់ណាស់ ការដឹកជញ្ជូនក៏ត្រូវរងផលប៉ះពាល់ដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមជម្រាបថា ក្នុងមួយសប្តាហ៍ មានការដឹកជញ្ជូនទូកុងតឺន័រ ចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមាណជា ៧.០០០ ទៅ៨.០០០ពាន់កុងទីន័រ៕