ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោក របស់អាល្លឺម៉ង់មួយនេះ បានជ្រើសរើសយក ខេត្តសៀមរាប ដោយផ្អែកទៅលើ លទ្ធផលស្រាវជ្រាវពី ការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងជាពិសេសគឺ បទពិសោធន៍ជាក់ស្តែង ដែលភ្ញៀវទេសចរណ៍ទទួលបាន។
លើសពីនេះទៅទៀត ខេត្តសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី ៤ មានពិន្ទុ ៩,៧។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោក របស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមានប្រាសាទបុរាណជាច្រើន ជាពិសេសគឺ ប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជា បរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
ក្នុងនោះ ខេត្តសៀមរាប មានសណ្ឋាគារចំនួនជាង ១៣០០កន្លែង និងភោជនីយដ្ឋានជាង ៦០០កន្លែង ដោយថ្លៃស្នាក់នៅជាមធ្យម ៣៥ដុល្លារ ក្នុងមួយយប់។
វិស័យទេសចរណ៍នៅកម្ពុជា នៅតែរក្សាបាននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយកាលពីឆ្នាំ ២០១៨កន្លងទៅ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសជាង ២លាន ៥សែននាក់ ក្នុងនោះ មានភ្ញៀវទេសចរមកពី អាល្លឺម៉ង់ ជិត ១ម៉ឺននាក់ផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភ្ញៀវទេសចរបរទេស ដែលបានទៅលេងកម្សាន្តនៅទីក្រុងសៀមរាប ដែលមានចំនួនជាង ២លាន ៥សែននាក់នោះ គឺស្ទើរតែ ១០០ភាគរយទៅហើយ ដែលបានទិញសំបុត្រចូលទស្សនាអង្គរ ដែលផ្តល់ចំណូលជាង ១១៦លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ជាង ៥លានដុល្លារ ត្រូវបានបែងចែកជា ចំណូលឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
បើយោងតាម របាយការណ៍ពី ក្រសួងទេសចរណ៍ បានឲ្យបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ ២០១៨កន្លងមកនេះ ចំនួនភ្ញៀវទេសចរបរទេស មកកម្សាន្តនៅ កម្ពុជា មានចំនួន ៦លាន ២សែននាក់ កើនឡើង ១១ភាគរយ ធៀបនឹងឆ្នាំ២០១៧។
ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា វិស័យទេសចរណ៍កម្ពុជា បាននាំមកនូវ ចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ ដែលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំងពលកម្មបម្រើឲ្យវិស័យនេះ មានជាង ៦២ម៉ឺននាក់។
គួរបញ្ជាក់ដែរថា តាមការព្យាករ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ៦សែននាក់ នៅឆ្នាំ ២០២០ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ ២០៣០ ដោយរំពឹងរកចំណូលបានប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ ២លានកន្លែង៕