តាមរបាយការណ៍ ពីអាជ្ញាធរបង្ហាញថា អត្តសញ្ញាណអ្នកស្លាប់ទាំងនោះ មានមកពីខេត្តផ្សេងៗគ្នា។ ក្នុងនោះ សពដែលមានស្រុកកំណើតនៅខេត្តកំពតមានចំនួន ៨នាក់ (ស្រី១នាក់) ,ខេត្តព្រៃវែង មាន៥នាក់, បាត់ដំបង ៣នាក់។ ក្រចេះ ២នាក់ (ស្រីម្នាក់), ស្ទឹងត្រែង២នាក់, កំពង់ឆ្នាំ ២នាក់, ពោធិ៍សាត់ ២នាក់ ត្បូងឃ្មុំ ១នាក់ និងមិនទាន់ស្គាល់អត្ដសញ្ញាណម្នាក់។
ក្នុងហេតុការណ៍ដ៏រន្ធត់នេះ សម្ដេច ហ៊ុន សែន ដែលទើបត្រឡប់មកពីប្រទេសថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីម្សិលមិញ ក៏បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុទាំងយប់ដើម្បីត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ក្នុងការរុករកជនរងគ្រោះផងដែរ។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះកន្លងទៅ សម្តេច ហ៊ុន សែន ខណៈដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃនោះ បានប្រកាសសម្រេចយកថវិកាជាតិ ឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មដ៏រន្ធត់នេះ ដោយ អ្នកស្លាប់ទទួលបាន ៤០លានរៀល ឬស្មើនឹងមួយម៉ឺនដុល្លារអាមេរិក និងអ្នករងរបួសទទួលបាន ៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
នៅក្នុងបណ្ដាញសង្គមហ្វេសបុកឯណោះវិញតាំងពីថ្ងៃកើតហេតុមកទល់នេះ អ្នកលេងបណ្ដាញសង្គមនៅតែបន្តរិះគន់យ៉ាងចាស់ដៃ ទៅលើការធ្វេសប្រហែស របស់អាជ្ញាធរខេត្តព្រះសីហុន ដែលបណ្ដែតបណ្ដោយឲ្យសំណង់ដែលចិនគ្មានគុណភាព និងច្បាប់អនុញ្ញាតនេះ ឲ្យបន្ដសាងសង់ និងបានរលំបាក់សង្កត់មនុស្សរាប់សិបនាក់ស្លាប់ និងរបួស។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួន ក៏បានរិះគន់ និងស្នើឲ្យរដ្ឋភិបាល សម្រេចដកអភិបាលខេត្តព្រះសីហនុ ចេញពីតំណែង និងដកមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។
ទោះយ៉ាងណា នៅក្នុងការឆ្លើយតប Comment នៅលើហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា “សូមកុំទាន់និយាយដល់រឿងដកឬតែងតាំងតែត្រូវផ្តោតការយកចិត្តទុកដាក់លើការរុករក និងសង្រ្គាះជាមុនសិន។ សុំការយោគយល់ពីបងប្អូនជនរួមជាតិពីកន្លែងប្រជុំអាស៊ាននៅបាងកកព្រះរាជាណាចក្រថៃ”។
ក្រោយកើតហេតុការណ៍ឧបទ្ទវហេតុភ្លាមៗ គេសង្កេតឃើញថា ស្ថានទូតចិនប្រចាំកម្ពុជាមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗទាក់ទងនឹងគ្រោះថ្នាក់នេះនោះទេ ខណៈដែលគេដឹងសំណង់ដែលបង្កគ្រោះថ្នាក់នេះ គឺត្រូវបានសាងសង់ឡើងដោយជនជាតិចិន ហើយខាងអាជ្ញាធរកម្ពុជាក៏បានឃាត់ខ្លួនជនជាតិចិនដែលជាប់ពាក់ព័ន្ធចំនួន៣នាក់ផងដែរ។
ទើបតែនៅម៉ោងប្រហែល៩យប់ ថ្ងៃទី២៣ មិថុនា គេឃើញស្ថានទូតចិនប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដោយបានរៀបរាប់ពីការសោកស្ដាយជាពន់ពេកចំពោះហេតុការណ៍ដ៏រន្ធត់នេះ ។ ហើយស្ថានទូតចិនបញ្ជាក់ថា ខ្លួនគាំទ្រដល់ចំណាត់ការរបស់អាជ្ញាធរកម្ពុជាក្នុងការអនុវត្តលើជនជាតិចិនដែលជា់ពាក់ព័ន្ធ៕