កិច្ចប្រជុំនេះ បានបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងការសម្រេចបាននូវចក្ខុវិស័យផែនការមេ និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ដំណាក់កាលអនុវត្តផែនការមេនាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីតាមបណ្តាមន្ទីរ ដោយបានគូសបញ្ជាក់ពីកិច្ចសហការ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា, ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។ របៀបវារៈសំខាន់ៗដែលបានពិភាក្សារួមមាន ការរៀបចំស្ថាប័នអនុវត្តកម្រិតប្រតិបត្តិ, ប្រតិភូកម្មសិទ្ធិអំណាច, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង, ក្របខ័ណ្ឌបទប្បញ្ញត្តិ និងស្តង់ដារអនុលោមវិនិយោគផ្សេងៗ។
តាមរយៈកិច្ចពិភាក្សានេះ ក្រុមការងារលេខាធិការដ្ឋានបានធ្វើបទបង្ហាញពីខ្លឹមសារសង្ខេបនៃផែនការមេ ផែនការសកម្មភាព និងចំណុចពិភាក្សាសំខាន់ៗមួយចំនួនទៀត ដើម្បីប្រមូលធាតុចូលបន្ថែមពីរដ្ឋបាលខេត្ត ដើម្បីធានាការអនុវត្តផែនការមេប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ចំណុចផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំ គឺការបង្កើតរចនាសម្ព័ន្ធភ្នាក់ងារអនុវត្តដែលមានតួនាទី សិទ្ធិអំណាច និងសមត្ថភាពច្បាស់លាស់, ផែនការសកម្មភាពរយៈពេលខ្លី, និងការសម្រួលដំណើរការអនុលោមភាពដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផលដែលអាចទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
រដ្ឋបាលខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងសហការជាមួយលេខាធិការដ្ឋានផែនការមេ ដើម្បីធានាការអនុវត្តផែនការមេប្រកបដោយភាពជោគជ័យ។ កិច្ចប្រជុំនេះ ទទួលបានលទ្ធផលខ្ពស់ ក្នុងការចូលរួមផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់ទិសដៅសកម្មភាពសម្រាប់ដំណាក់កាលអនុវត្តផែនការមេ និងការបន្តកិច្ចពិភាក្សាកាន់តែលម្អិតបន្ថែមទៀតរវាងលេខាធិការដ្ឋានផែនការមេ និងរដ្ឋបាលខេត្តព្រះសីហនុ។