
អ្នកឆ្លើយតបទៅនឹងការស្ទង់មតិជាច្រើននាក់ បង្ហាញពីអារម្មណ៍អវិជ្ជមាន ចំពោះគោលដៅទស្សនវិស័យនៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដោយសារតែជម្ងឺដ៏កាចសាហាវនេះ បានវាយប្រហារគ្រប់វិស័យ ដូចជា វិស័យលក់ដុំ និងរាយ វិស័យបដិសណ្ឋាកិច្ច និងសេវាកម្មម្ហូបអាហារជាដើម។
សម្រាប់វិស័យសំណង់ ក៏ត្រូវបានប៉ាន់ប្រមាណថា អាចនឹងធ្លាក់ចុះ ១១% នៅក្នុងឆ្នាំនេះ ហើយចំពោះការនាំចេញផលិតផលទាំងអស់ លើកលែងតែប្រេងឆៅ ក៏មិនមានកំណើននោះដែរ។
ទោះយ៉ាងណា អំឡុងពេលនៃវិបត្តិនេះ សិង្ហបុរី ក៏រំពឹងធ្វើបានល្អនៅក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យឧស្សាហកម្មផលិត និង វិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រង ដែលអាចនឹងមានកំណើន ២% ទៅ ៣%។
នៅក្នុងការស្ទង់មតិនេះ វិបត្តិមេរោគកូវីដ១៩ ត្រូវបានជ្រើសរើសជា កត្តាប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិខ្លាំងជាងគេ ហើយបញ្ហាគ្មានការងារធ្វើ និងជម្លោះពាណិជ្ជកម្ម ក៏ជាក្តីកង្វល់ផងដែរ។
គួររម្លឹកដែរថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក៏ធ្លាប់បានធ្វើការព្យាករពី ទំហំសេដ្ឋកិច្ច ថាអាចនឹងធ្លាក់ចុះចន្លោះពី ៤% ទៅ ៧% នៅក្នុងឆ្នាំ ២០២០នេះ តែយ៉ាងណា សេដ្ឋកិច្ចសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់ ៤% នៅក្នុងឆ្នាំ ២០២១ខាងមុខ៕