ការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ បានជំរុញឱ្យក្រុមសេដ្ឋវិទូចិន ក្រុមហិរញ្ញិក និងអ្នកវិភាគភូមិសាស្ត្រនយោបាយរាប់រយនាក់ពិនិត្យមើលពីរបៀប ដែលចិនគួរកាត់បន្ថយសេណារីយ៉ូធ្ងន់ធ្ងរមួយចំនួន រួមទាំងការបាត់បង់សិទ្ធិទទួលបានប្រាក់ដុល្លារអាម៉េរិកផងដែរ។
នេះបើយោងតាមការពិនិត្យឡើងវិញនូវឯកសារគោលនយោបាយជាភាសាចិន និងអត្ថបទសិក្សាជាង២០០ច្បាប់ ដែលបានចេញផ្សាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២។
លោក ជិន ហុងសៀង (Chen Hongxiang) អ្នកស្រាវជ្រាវនៅសាខាធនាគារកណ្ដាលចិន (PBOC) នៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន បានសរសេរថា នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រចិន-អាមេរិក កាន់តែខ្លាំង និងជម្លោះច្រកសមុទ្រតៃវ៉ាន់នោះ ចិនគួរតែប្រុងប្រយ័ត្នចំពោះអាមេរិក ដែលអាចនឹងដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើប្រទេសចិន។
លោក ជិន បាននិយាយថា ប្រទេសចិនគួរតែ«ត្រៀមខ្លួនសម្រាប់រដូវវស្សា» ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ខ្លួន។ នេះជារបាយការណ៍លើកដំបូងហើយដែលបានផ្សព្វផ្សាយពីភាពជាក់លាក់នៃសេណារីយ៉ូ និងវិធានការទប់ទល់ដ៏មានសក្តានុពលរបស់ចិនចំពោះសហរដ្ឋអាមេរិក។
មន្ត្រីយោធាជាន់ខ្ពស់របស់អាម៉េរិកបាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួន ដើម្បីឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីដណ្តើមយកកោះនេះទេ បើទោះជាចិនមិនដែលបាននិយាយលម្អិតពីការរៀបចំសង្គ្រាមនេះយ៉ាងណាក៏ដោយ។
ប៉ុន្តែការពិភាក្សារបស់ក្រុមអ្នកស្រាវជ្រាវអីពីទណ្ឌកម្មរបស់អាម៉េរិកទៅលើចិន បានកើនឡើង៥០% ក្នុងរយៈពេល១២ខែមកនេះ ក្រោយពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការពិនិត្យឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធចំណេះដឹងជាតិរបស់ប្រទេសចិន ជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ប្រទេសចិន។
លោក យូ យុងទីង (Yu Yongding) ជាសេដ្ឋវិទូ និងជាអតីតទីប្រឹក្សាធនាគារកណ្តាលចិន បានសរសេរក្នុងអត្ថបទកាសែតមួយកាលពីខែកក្កដា ឆ្នាំ២០២២ថា ការវិភាគពីសេណារីយ៉ូផ្សេងៗ ដែលអាចកើតមានជាមួយនឹងការទប់ស្កាត់ ការឆ្លើយតប និងវិធានការទប់ទល់របស់ប្រទេសចិន គឺពិតជាអាទិភាពកំពូលសម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយរបស់ប្រទេសចិន។
ធនាគារកណ្ដាលរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកសារស្រាវជ្រាវដែលសរសេរដោយបុគ្គលិករបស់ខ្លួន គឺជាការបង្ហាញពីទស្សនផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋាភិបាលចិន នោះឡើយ។
ទាំងមន្ត្រីធនាគារ និងមន្ត្រីក្រុមប្រឹក្សារដ្ឋរបស់ចិនមិនបានឆ្លើយតបចំពោះសំណួរពាក់ព័ន្ធនឹងផែនការដាក់ទណ្ឌកម្មរបស់ខ្លួន និងការរៀបចំផែនការបន្ទាន់របស់ក្រុងប៉េកាំងជុំវិញទណ្ឌកម្មនេះឡើយ៕
អត្ថបទ៖ សុខ ជា