ផ្លូវហោះហើរថ្មីនេះ ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈុន នៅទីក្រុងសេអ៊ូល ជាមួយអាកាសយានដ្ឋានអន្តរជាតិ ភូកុក ដែលស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីក្រុងដួងដុង ដែលជារដ្ឋធានីរបស់កោះ ភូកុក។ ការហោះហើរត្រង់នេះ ចំណាយពេលប្រហែល ៥ម៉ោង។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថា ការចាប់ផ្តើមដំណើរការផ្លូវហោះហើរប្រចាំថ្ងៃនេះ កើតឡើងនៅពេលដែលតម្រូវការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បានធ្លាក់ចុះ ចាប់តាំងពីខែកក្កដា ឆ្នាំនេះមក។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រជាជនកូរ៉េខាងត្បូងបានធ្វើពហិកាមិនប្រើអាជីវកម្មនិងសេវាកម្មរបស់ជប៉ុនទេ បន្ទាប់ពីប្រទេសជប៉ុនអនុវត្តការរឹតបន្តឹងការនាំចេញវត្ថុធាតុដើមទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានបញ្ឈប់ឬកាត់បន្ថយសេវាកម្មនៅលើផ្លូវហោះហើរទៅកាន់ប្រទេសជប៉ុន និងបានពង្រីកជើងហោះហើរទៅកាន់ប្រទេសផ្សេងទៀត។
ជេជូ អ៊ែរ បានខាតបង់ថវិកាអស់ ២៧លានដុល្លារ នៅត្រីមាសទី៣ នៃឆ្នាំ២០១៩ ប៉ុន្តែ ក្នុងរយៈពេលដូចគ្នានេះ នៃឆ្នាំទៅមិញ ក្រុមហ៊ុន ជេជូ អ៊ែរ ចំណេញប្រាក់បានចំនួន ២៦,៣លានដុល្លារ។
ជាតំបន់គុកដ៏អាស្រូវកាលក្នុងសម័យអាណានិគមបារាំង កោះភូកុក វៀតណាម ដែលខ្មែរភាគច្រើនបំផុតស្គាល់ជា កោះត្រល់ ទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កោះនេះបានបើកអាកាសយានដ្ឋានអន្តរជាតិ ក្នុងឆ្នាំ២០១២ និងបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ រយៈពេល៣០ថ្ងៃ សម្រាប់ជនបរទេស ចាប់តាំងពីឆ្នាំ២០១៤មក។
ចំនួនភ្ញៀវទេសចរមកលេងកោះ ភូកុក បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវរមណីយដ្ឋាន និងគម្រោងសេវាកម្មទេសចរណ៍នានា នៅលើកោះនេះ។
កោះភូកុក ទទួលបានភ្ញៀវទេសចរ ៣,៩លាននាក់ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ៣៣,២ភាគរយ ធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ មានជនបរទេសចំនួន ៥៤១.៦០០ នាក់។
កាលពីឆ្នាំទៅ ជនជាតិកូរ៉េខាងត្បូងជាង ៣,៤លាននាក់ បានមកទស្សនាប្រទេសវៀតណាម ដែលកើនឡើង ៤៤ភាគរយ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ២២ភាគរយ នៃចំនួនភ្ញៀវអន្តរជាតិទាំងអស់។
ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៩ វៀតណាមបានស្វាគមន៍ប្រជាជនកូរ៉េខាងត្បូង ៣,១លាននាក់ កើនឡើង ២២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ប្រែសម្រួលពីសារព័ត៌មាន វៀតណាម)