សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានកើនឡើងជាង១% ក្នុងនោះ តម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងវិស័យថាមពល និងសុខាភិបាលគឺមានការកើនខ្ពស់ជាងគេ។ ជាមួយគ្នានោះ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានរាយការណ៍ថាមានប្រាក់ចំណូលវិជ្ជមាន ក៏មានការកើនឡើងដែរ ដោយវិនិយោគិនផ្សារភាគហ៊ុនបន្ដជឿជាក់ទៅលើវិស័យដែលរំពឹងថានឹងមានដំណើរការល្អស្របពេលដែលសេដ្ឋកិច្ចសកលមានការងើបឡើងវិញពីជំងឺរាតត្បាត។
ប្រទេសជប៉ុន រំពឹងថានៅក្នុងសប្ដាហ៍នេះ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលវាត្រូវបានគេជឿជាក់ថា ជាកត្តាមួយកំពុងជួយគាំទ្រទៅដល់ តម្លៃភាគហ៊ុនឲ្យងើបឡើងផងដែរ។ ទោះយ៉ាងណា ភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកជប៉ុន ក៏បានកើនឡើងដល់ទៅ ៨% គិតមកទល់ខែកុម្ភៈនេះ ហើយក្រុមអ្នកវិភាគក៏បានព្រមានផងដែរ អំពីការឡើងកម្ដៅនៃតម្លៃភាគហ៊ុននេះ។
អ្នកជំនាញខ្លះថា តម្លៃភាគហ៊ុនជប៉ុនបានស្ទុះងើបឡើងខ្ពស់ណាស់ ដែលអាចនិយាយបានថា ហួសល្បឿនកំណត់ហើយ។
ការកើនឡើងលឿននៃទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនលើសការរំពឹងទុកនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ក៏ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញមួយឲ្យតម្លៃភាគហ៊ុនក្នុងប្រទេសនេះ ហក់ឡើងលឿនផងដែរ៕