បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express លោក បេន ក្រាយ (Ben Gray) នាយកទីផ្សារមូលធននៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យវៀតណាម Knight Frank បាននិយាយថា មុនផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១៨លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះមកនៅត្រឹមតែ១២លាន៦សែននាក់ប៉ុណ្ណោះ។
ដោយមើលឃើញពីការធ្លាក់ចុះភ្ញៀវទេសចរ គួបផ្សំគម្រោងសាងសង់សណ្ឋាគារមានចំនួនច្រើននោះ បានជំរុញឱ្យនាយកទីផ្សារមូលធនរូបនេះចង់ឱ្យបឈ្ឈប់ការសាងសង់សណ្ឋាគារបន្ថែមទៀតនៅតាមតំបន់ជាប់មាត់សមុទ្រ ដោយសារលោកបារម្ភពីហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ ខណៈដែលបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ចំនួន២០លានបន្ទប់កំពុងទំនេរគ្មានអ្នកកក់ ឬស្នាក់នៅ។
អ្នកជំនាញរូបនេះបានលើកជាគំនិតឱ្យពិចារណាថា ប្រសិនបើភ្ញៀវទេសចរ៣០% បានធ្វើដំណើរជាគូ ហើយបានកក់បន្ទប់គ្រែមួយសម្រាប់រយៈពេល៧យប់ នៅសណ្ឋាគារលំដាប់ផ្កាយ៤ ឬផ្កាយ៥ នោះពួកគេនឹងអាចបំពេញបន្ទប់ទំនេរបច្ចុប្បន្ននេះបានត្រឹមតែមួយភាគបីតែប៉ុណ្ណោះ។
ដូច្នេះហើយលោកបានព្រមានថា ហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការកំពុងតែលេចរូបរាងឡើងដោយសារអត្រាស្នាក់នៅបានធ្លាក់ចុះ គួបផ្សំសណ្ឋាគារថ្មីៗជាច្រើនកំពុងតែត្រូវបានសាងសង់នៅកន្លែងទេសចរណ៍ពេញនិយមមួយចំនួនដូចជានៅកោះភូកុក (Phu Quoc) និងតំបន់ឆ្នេរសមុទ្រហាឡុងបេយ៍ (Ha Long Bay) ជាដើម។ លោក បិន ក្រាយ បានសង្កត់ធ្ងន់ថា គោលដៅទេសចរណ៍ទាំងនេះកំពុងមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារយ៉ាងផុសផុល ដែលលើសពីតម្រូវបច្ចុប្បន្នទៅទៀត។
បើតាមអាជ្ញាធរវៀតណាម ជនបរទេសជាង៦លាននាក់ បានធ្វើដំណើរទៅលេងប្រទេសនេះក្នុងត្រីមាសទី១ឆ្នាំ២០២៤ ពោលគឺកើនឡើងជិត៧០% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសនេះបានប្រឈមមុខនឹងការប្រកួតប្រជែងទេសចរណ៍យ៉ាងខ្លាំងពីទីផ្សារជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ីជាដើម៕
អត្ថបទ៖ សុខ មង្គល