រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានរកឃើញសត្វល្អិតមួយប្រភេទដែលមានឈ្មោះថា Planococcus minor នៅក្នុងផ្លែទៀប និងផ្លែជម្ពូរ មកពីតៃវ៉ាន់។ ដូចនេះ រដ្ឋបាលគយចិនបានស្នើឱ្យអាជ្ញាធរនៅ ក្វាងទុង និងការិយាល័យដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ការនាំចូលនៃផលិតផលទាំងនោះចាប់ពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញាតទៅ។
បើទោះបីជាភាគីចិនបានលើកឡើងបែបនេះក្ដី តែមិនបានបង្ហាញភស្តុតាងវិទ្យាសាស្រ្តមកបញ្ជាក់នោះឡើយ។ ប្រការនេះហើយធ្វើឱ្យកោះតៃវ៉ាន់មិនសុខចិត្ត និងបានប្រាប់ចិនថា ខ្លួននឹងតតាំងជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោកក្រោមយន្តការដោះស្រាយវិវាទ ប្រសិនបើ ទីក្រុងប៉េកាំងមិនឆ្លើយតបទៅនឹងសំណើរបស់ក្រុងតៃប៉ិ ដើម្បីដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌទ្វេភាគី ដែលមានស្រាប់ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញាទេនោះ។
សូមរំឭកថា នេះជាលើកទីពីរហើយ ដែលប្រទេសចិនបានបញ្ឈប់ការនាំចូលផ្លែឈើពីកោះតៃវ៉ាន់ ខណៈ កាលពីខែកុម្ភៈប្រទេសចិនបានហាមឃាត់ការនាំចូលម្នាស់ពីកោះតៃវ៉ាន់ម្ដងរួចហើយ ក្រោមហេតុផលថាបានរកឃើញ“ សត្វដែលបង្កគ្រោះថ្នាក់” ដែលអាចមាននៅលើផ្លែឈើនោះ។
តែផ្ទុយទៅវិញ តៃវ៉ាន់បាននិយាយថា វាមិនមានអ្វីគ្រោះថ្នាក់ជាមួយម្នាស់នោះទេ ហើយបានចោទទីក្រុងប៉េកាំងថា យករឿងនេះជាល្បែងនយោបាយ។
សូមជម្រាបថា ជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងទីក្រុងប៉េកាំងតែងកាន់តែស្ថិតក្នុងភាពតានតឹងខ្លាំងឡើង នៅមិនទាន់មានភាពប្រសើរឡើងបន្ដិចសោះឡើយ៕
អត្ថបទ៖ ស៊ើង និមល់