បើតាមអគ្គនាយកដ្ឋានពន្ធដារ បើគិតតែក្នុងខែវិច្ឆិកាតែមួយប៉ុណ្ណោះ ឃើញថា ចំណូលពន្ធ-អាករ ដែលប្រមូលបាន គឺមានប្រមាណជាង២២៧ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១០% នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងនឹងខែវិច្ឆិកាឆ្នាំ២០១៨ គឺមានការកើនឡើងជាង២១%។
គួរបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជារឿយៗ ដោយបានលើកសរសើរពីស្ថាប័នជាតិប្រមូលចំណូលចូលរដ្ឋទាំងពីរ គឺ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលកន្លងមកស្ថាប័នទាំងពីរនេះ គឺតែងតែមានការប្រមូលបានច្រើនលើសផែនការ។
តួយ៉ាង កាលពីពេលថ្មីៗនេះ សម្ដេច តេជោ ហ៊ុន សែន បានថ្លែងថា ក្នុងច្បាប់ផែនការថវិកា របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបានដាក់ចេញ គឺស្ថាប័នទាំងពីរនេះ មានគម្រោងប្រមូលចំណូលសរុបប្រមាណ ៤.៥៤៨លានដុល្លារទេ ប៉ុន្តែរហូតដល់ពេលនេះ គឺប្រមូលបានប្រមាណ ៥.៦៥២ លានដុល្លារ ពោលគឺលើសពីផែនការដែលបានកំណត់ប្រមាណ ជាង១ពាន់លានឯណោះ។
ក្រៅពីចំណូលគយ និងពន្ធដារ ដែលជាចំណូលសារពើពន្ធហើយនោះ រដ្ឋាភិបាលក៏នៅមាន ចំណូលមិនមែនសារពើពន្ធជាច្រើនទៀត ដូចជា ចំណូលបានមកពីថ្លៃទិដ្ឋាការ និងចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ ជាដើម។
លើពីនេះទៀត ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាល មានថវិកាជាសាច់ប្រាក់ប្រមាណ ៣ពាន់៥០០លានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ និងមានទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ ព្រមជាមួយនឹងមាសប្រមាណ ៣០តោនទៀតផង៕