ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកុម្ភៈ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នៅ២ខែដំបូងឆ្នាំ២០២២ ការប្រមូលចំណូលពន្ធដារ បានកើនលើសផែនការជង១៨% ដោយប្រមូលបាន៥១២លានដុល្លារ កើនឡើង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ឯកឧត្តមបន្ថែមថា កំណើនលើសផែនការនៃការប្រមូលពន្ធនេះ គឺដោយសារការយកចិត្តទុកដាក់របស់មន្ត្រី ការអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលិខិតប្រកាសពន្ធលើប្រាក់ចំណេញតាមអនឡាញ និងការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងចំណោមមជ្ឈដ្ឋានវិនិយោគក្នុងប្រទេសកម្ពុជា។
បើតាមឯកឧត្តម គង់ វិបុល កន្លងមក មានសហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ រៀបចំកិច្ចសន្យា និងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើសសម្អាតប្រាក់ផងដែរ។ ដូច្នេះ ដើម្បីឲ្យការប្រមូលពន្ធនាឆ្នាំ២០២២ កាន់តែមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តវិធានការប្រមូលចំណូលពន្ធបន្តទៀត។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗ តាំងពីមានការប្រកាសឲ្យបើកប្រទេសឡើងវិញ ពិសេសការផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការប្រមូលពន្ធរបស់អគ្គនាយដ្ឋានពន្ធដារ បានធ្វើឲ្យការប្រមូលចំណូលពន្ធកាន់តែមានប្រសិទ្ធិភាពខ្ពស់ បើទោះបី កម្ពុជា មិនទាន់រួចផុតពីវិបត្តិកូវីដ១៩ ក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានបង្ហាញនូវក្ដីរំពឹងខ្ពស់ដែរថា តាមរយៈការប្រមូលចំណូលពន្ធនេះ នឹងកាន់តែជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ផងដែរ។
ទោះជាបែបនេះក្ដី លោកបណ្ឌិត ហុង វណ្ណៈ បានកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ហាក់មិនទាន់មានស្ថិរភាព ឡើងវិញឡើយ ដោយសារការរំខានពីវិបត្តិកូវីដ១៩ នាពេលកន្លងមក បញ្ហាភូមិសាស្ត្រនយោបាយ ដូចជា សមុទ្រចិនខាងត្បូង គួបផ្សំ បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ជាដើម។
បើតាមកត់សម្គាល់របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធសំខាន់ៗ ៥ប្រភេទ បានបន្តរក្សាកំណើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ រួមមាន ពន្ធលើប្រាក់ចំណូលបានកើនឡើង១៤%, អាករលើតម្លៃបន្ថែមកើនឡើង៥%, អាករពិសេស កើនឡើង១៧%, ពន្ធលើប្រាក់បៀវត្ស កើនឡើង២៣%, និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានប្រមាណ កើនឡើងជិត១៧%។ តាមផែនការអគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលឲ្យបានដល់ជាង ២ពាន់៨រយលានដុល្លារអាមេរិកនៅឆ្នាំ២០២២នេះ ខណៈកាលពីឆ្នាំ២០២១ ប្រមូលចំណូលបានជិត២ពាន់៨រយលានដុល្លារ កើនលើសផែនការ រហូតដល់ទៅ២៤% ស្មើនឹងទឹកប្រាក់ចំនួនជាង ៥00លានដុល្លាអាមេរិក៕