ការលើកឡើងពីអង្គការ Oxfam យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអង្គការនេះ សង្កេតឃើញថា ប្រាក់ចំណេញរបស់កំពូលមហាសេដ្ឋីពិភពលោកជាច្រើន មានការកើនកាន់តែច្រើនឡើង ពិសេសក្នុងកំឡុងពេលមានវិបត្តិកូវីដ១៩នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋទូទៅ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់សង្គ្រោះរាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែផ្ទុយទៅវិញលំហូប្រាក់ទាំងនោះ ភាគច្រើនវាចូលទៅក្នុងហោប៉ៅរបស់មហាសេដ្ឋីគ្រាក់ៗនៅទូទាំងពិភពលោកទៅវិញ។ នេះបើតាមការអះអាងរបស់អង្គការ Oxfam ។
ជាក់ស្ដែង ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើងក្នុងខែមីនា ឆ្នាំ ២០២០មក គេមើលឃើញថា bបញ្ជីមហាសេដ្ឋីថ្មីៗជាច្រើនបានលេចមុខឡើងស្ទើរតែរាល់ថ្ងៃ ហើយទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទាំង ១០ របស់ពិភពលោក រួមមាន Elon Musk, Jeff Bezos និង Bill Gates វិញ ក៏បានហក់កើនឡើងទ្វេដងដែរដល់ទៅ ១,៥ ទ្រីលានដុល្លារ ដែលធ្វើឱ្យពួកគេមានទ្រព្យសម្បត្តិច្រើនជាង ៦ ដងនៃប្រជាជនក្រីក្របំផុតនៅទូទាំងពិភពលោកដែលមានចំនួនជាង ៣ ពាន់លាននាក់ ខណៈដែលមនុស្ស ១៦០ លាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យធ្លាក់ក្នុងភាពក្រីក្រក្នុងអំឡុងពេលជំងឺរាតត្បាត។
ហេតុដូចនេះហើយ ទើបអង្គការ Oxfam បានអំពាវនាវឱ្យមហាសេដ្ឋីទាំងនោះបង់ពន្ធជាកញ្ចប់
៩៩ភាគរយនៃប្រាក់ចំណេញរបស់ពួកគេ ដែលការបង់ពន្ធនេះ
ធ្វើឡើងតែ១លើកប៉ុណ្ណោះ មិនធ្វើឡើងរៀងរាល់ឆ្នាំនោះទេ
ដើម្បីគេអាចយកប្រាក់ទាំងនោះ
មកប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសក្រក្រី។
សូមជម្រាបថា តាមការប៉ាន់ស្មាន ប្រសិនបើមហាសេដ្ឋីទាំង១០នេះបង់ពន្ធ
៩៩ភាគរយនៃប្រាក់ចំណេញរបស់ពួកគេមែននោះ
នោះមូលនិធិផលិតវ៉ាក់សាំងសម្រាប់ជនក្រីក្រនឹងអាចនឹងមានដល់
៨០០ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនេះ អង្គការ Oxfam បានអំពាវនាវឱ្យប្រទេសអ្នកមានទាំងអស់ គួរលះបង់ចោលនូវច្បាប់កម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងកូវីដ១៩ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផលិតកម្មរបស់ពួកគេបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការបានទាន់ពេលវេលា។
សូមជម្រាបថា សហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកបច្ចុប្បន្ននេះក៏កំពុងចាប់ផ្តើមពិចារណាលើគោលនយោបាយដែលសំដៅប្រឆាំងនឹងវិសមភាពសង្គម ដូចជាការដំឡើងអត្រាពន្ធលើអ្នកមាន និងចាត់វិធានការប្រឆាំងនឹងភាពផ្តាច់មុខរបស់ក្រុមហ៊ុនធំៗផងដែរ៕
អត្ថបទ ស៊ើង និមល់