ក្នុងនាមសមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តម អ៊ឹម វុត្ថា បានប្រាប់ខេមបូណូមីសតាមតេឡេក្រាមថា ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុនទូរស័ព្ទចល័តទាំង៦នៅកម្ពុជា កំពុងតែមាមាញឹកក្នុងការដាក់ឲ្យដំណើរការនូវចុចលេខ ១២០០ សម្រាប់ផ្ដាច់សេវាកម្មនានាក្នុងទូរស័ព្ទ ដែលសង្ស័យថាបានភ្ជាប់ និងបានកាត់លុយដោយគ្មានមូលហេតុទាំងនោះ។ បើតាមអ្នកនាំពាក្យរូបនេះ ការដាក់ឲ្យដំណើរការចុចលេខ ១២០០ ដើម្បីផ្ដាច់សេវាកម្មនានាក្នុងទូរស័ព្ទនោះ នឹងត្រូវដាក់ឲ្យដំណើរការឆាប់ៗនេះ ពោលគឺនៅក្នុងខែមិថុនានេះ តទៅ។
ឯកឧត្តមបានបញ្ជាក់ថា « ចំពោះបញ្ហានេះ គឺមិនមានការប្តូរផ្លាស់ទេ យើងនឹងប្រើលេខ ១២០០ហ្នឹង ប្រើប្រាស់ក្នុងការឲ្យបងប្អូនប្រជារាស្ត្រយើងចុចផ្តាច់ការភ្ជាប់អាសេវាអស់ហ្នឹង ហើយឥឡូវហ្នឹងយើងកំពុងតែមមាញឹកធ្វើការងារហ្នឹង ដោយសារតែមានលក្ខណៈបច្ចេកទេស ភ្ជាប់បណ្តាញហ្នឹងឲ្យគ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីរៀបចំប្រព័ន្ធ Software ឲ្យពលរដ្ឋប្រើប្រាស់បានក្នុងខែ៦នេះហើយ ដោយមិនមានការប្រើប្រួលអ្វីទេ»។
កន្លងទៅ មានពលរដ្ឋជាច្រើនតែងតែរិះគន់ចំពោះក្រុមហ៊ុនទូរស័ព្ទចល័តមួយចំនួន ជាពិសេសក្រុមហ៊ុនធំល្បីៗចំនួន២ ដែលតែងតែធ្វើការកាត់លុយទូរស័ព្ទរបស់ពួកគាត់ដោយគ្មានមូលហេតុ និងការភ្ជាប់កម្មវិធី ឬសេវាកម្មទូរស័ព្ទផ្សេងៗដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់ជាដើម។
បើតាមអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជារូបនេះបញ្ជាក់ថា បន្ទាប់ពីរៀបចំភ្ជាប់ដំណើរការ និងបច្ចេកទេសនានាជាមួយក្រុមហ៊ុនទូរស័ព្ទចល័តទាំង៦រួចហើយ និយ័តករទូរគមនាគមន៍កម្ពុជា នឹងផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរគមនាគមន៍កម្ពុជា ដល់អ្នកប្រើប្រាស់ឲ្យបានដឹងពីវិធីប្រើប្រាស់នាចុងខែមិថុនានេះ ដើម្បីកុំឲ្យក្រុមហ៊ុនមួយចំនួនមានឱកាសកេងប្រយោជន៍ពីពលរដ្ឋបន្ត ក៏ដូចបញ្ចប់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកផងដែរ៕