ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កាលពីថ្ងៃទី១ ធ្នូ បានតភ្ជាប់ជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ តាមរយៈប្រតិបត្តិការហោះហើរយន្តហោះ Airbus 320 ជាមួយអ្នកដំណើរសរុបចំនួន១៥៧នាក់។ នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways ភ្ជាប់ជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏នឹងបន្តការហោះហើររបស់ខ្លួនជារៀងរាល់ថ្ងៃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្នុងមួយថ្ងៃមួយជើងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានបញ្ជាក់ឱ្យដឹងដែរថា កាលពីទី៣០ ខែវិច្ឆិកា កន្លងទៅនេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ក៏បានធ្វើដំណើរតាមជើងហោះហើរលេខ K6 107 ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដើម្បីទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ក្នុងគោលបំណងបង្កើនការស្វែងយល់អំពីដំណើរការសន្តិសុខសុវត្តិភាពរបស់អាយានដ្ឋានថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់ភ្ញៀវទេសចរអាមេរិក ធុរជន និងមន្ត្រីផ្លូវការរបស់អាម៉េរិក សម្រាប់គាំទ្រដល់ការធ្វើដំណើនៅអាកាសយានដ្ឋានអន្តរជាតិនេះ។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតមកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាមធ្យមជាង៤ពាន់១រយនាក់ក្នុងមួយថ្ងៃ និងមានការហោះហើរជាមធ្យមចំនួន៤២ជើងក្នុងមួយថ្ងៃ ដោយក្នុងនោះភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន។ ដោយឡែកសម្រាប់ការហោះហើរត្រឡប់មកវិញ ឃើញថា នៅតែរក្សាកំណើនជាមធ្យមផងដែរ និងមានភ្ញៀវចម្រុះជាតិសាសន៍ដោយមានអាស៊ានប្រមាណ៧៥% និងអឺរ៉ុប២៥%។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ កំពុងហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១ និងរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនៅសប្តាហ៍បន្តបន្ទាប់ខាងមុខផងដែរ៕