លោក Saksayam បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រសួងហិរញ្ញវត្ថុថៃ បានជូនដំណឹងមកកាន់ក្រសួងដឹកជញ្ជូនអំពីការលក់ភាគហ៊ុននេះ ដែលបានបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ចូលទៅកាន់ដំណើរការស្ដារនីតិសម្បទាអាជីវកម្មឡើងវិញ ក្រោមការគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុ ដែលនៅតែជាម្ចាស់ភាគហ៊ុនធំដដែល។
យ៉ាងណាក៏ដោយចុះ លោក Saksayam បាននិយាយទៀតថា ក្រសួងដឹកជញ្ជូន បានទទូចសុំថា ប្រសិនបើក្រសួងហិរញ្ញវត្ថុចង់ក្លាយជាអ្នករៀបចំផែនការស្ដារនីតិសម្បទាក្រុមហ៊ុននេះ វាត្រូវការស្នើទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីផ្លាស់ប្តូរដំណោះស្រាយដែលបានដាក់ចេញកាលពីថ្ងៃទី១៩ ខែឧសភា ដែលបានចាត់ឲ្យក្រសួងដឹកជញ្ជូនមានតួនាទីរៀបចំផែនការស្ដារនេះ។
តម្លៃភាគហ៊ុន ដែលក្រសួងហិរញ្ញវត្ថុថៃ បានលក់ចេញ ៣,១៧%នោះ គឺមានចំនួនភាគហ៊ុនសរុប ៦៩លានភាគហ៊ុន ខណៈតម្លៃមាន ៤.០៣ បាត ក្នុងមួយភាគហ៊ុន បើគិតជាតម្លៃសរុប គឺមានប្រមាណ ២៧៨ លានបាត (ជាង ៨,៧លានដុល្លារអាមេរិក)។ នេះបើតាមការអះអាងរបស់ប្រភពដែលបានប្រាប់កាសែតបាងកកប៉ុស្ដិ៍។
បន្ទាប់ពីបានលក់ភាគហ៊ុនរួច បានធ្វើឲ្យក្រសួងហិរញ្ញវត្ថុថៃ នៅមានសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airways តែ ៤៨% ប៉ុណ្ណោះ ដូច្នេះ មានន័យថា រដ្ឋថៃ មិនមែនជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ តទៅទៀតនោះទេ។
ប្រភពបានបន្ថែមថា កាលពីមុនក្រសួងហិរញ្ញវត្ថុ និយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងដាក់ពាក្យសុំរបស់ខ្លួនទៅកាន់តុលាការក្ស័យធនកណ្ដាល សម្រាប់ការស្ដារនីតិសម្បទា ក្រោមច្បាប់ស្ដីពីការក្ស័យធន ជាមួយគ្នានេះ ក្រុមហ៊ុនបានស្នើសុំខ្លួនឯងជាអ្នករៀបចំផែនការស្ដារឡើងវិញ។
បន្ថែមពីនេះ ប្រសិនបើរាជរដ្ឋាភិបាលថៃ ចង់ឲ្យអ្នកតំណាងរបស់ខ្លួន
ធ្វើជាអ្នករៀបចំផែនការ នោះពួកគេត្រូវមានកៅអីអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលជាមុនសិន។
តាមច្បាប់ស្ដីពីការក្ស័យធន មានតែសមាជិកក្រុមប្រឹក្សាភិបាលទេ ដែលអាចត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផែនការ
ដោយកូនបំណុល។ ទោះយ៉ាងណា ម្ចាស់បំណុល អាចជំទាស់នឹងសំណើររបស់កូនបំណុលបាន។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជំពាក់បំណុលមិនទាន់សងសរុប ២០០ ពាន់លានបាត (ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក) ដោយក្នុងនោះ មាន ៣០% ជាបំណុលជំពាក់ក្នុងស្រុក។
សូមបញ្ជាក់ថា បើតាមប្រភពពី ក្រុមហ៊ុនផ្សារមូលបត្រថៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ០១ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មានម្ចាស់ភាគហ៊ុនធំៗចំនួន ៥ រួមមាន៖
១, ក្រសួងហិរញ្ញវត្ថុថៃ មានកាន់កាប់ភាគហ៊ុនសរុប ១.១១៣.៩៣១.០៦១ ភាគហ៊ុន ឬស្មើនឹង ៥១.០៣% (កាលពីមិនទាន់លក់)
២, Vayupak Fund 1 ក្រោមការគ្រប់គ្រងដោយ MFC Asset Management Plc មានកាន់កាប់ភាគហ៊ុន ១៦៥.០៣៧.៥៨២ ភាគហ៊ុន ឬស្មើនឹង ៧,៥៦%
៣, Vayukpak Fund 1 ក្រោមការគ្រប់គ្រងដោយ Krungthai Asset Management Plc មានកាន់កាប់ភាគហ៊ុន ១៦៥.០៣៧.៥៨២ ភាគហ៊ុន ឬស្មើនឹង ៧,៥៦%
៤, Thai NVDR Co Ltd, កាន់កាប់ភាគហ៊ុន ៧១.៦៤៥.៥២៨ ភាគហ៊ុន ឬស្មើនឹង ៣,២៨%
៥, ធនាគាររដ្ឋ Government Savings Bank កាន់កាប់ភាគហ៊ុន ៤៦.៤០៩.៨៨៥ ភាគហ៊ុន ឬស្មើនឹង ២,១៣%៕