ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារនៅប្រទេសថៃទំនងជានឹងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងបន្ថែមទៀត បន្ទាប់ពីការទម្លាក់លោក ស៊្រីថា ថាវីស៊ីន ពីតំណែងនាយករដ្ឋមន្ត្រីដោយអំណាចតុលាការធម្មនុញ្ញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចបានបង្ហាញការព្រួយបារម្ភចំពោះការពន្យារពេលនៃភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយរបស់ថៃ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគ។
អ្នកឃ្លាំមើលទីផ្សារបាននិយាយថា ការព្រួយបារម្ភអំពីបំណុលគ្រួសារកើនឡើង និងការទាក់ទាញការវិនិយោគនៅតែជាអាទិភាពខ្ពស់ ដែលរដ្ឋាភិបាលអាចនឹងមិនត្រូវបានដោះស្រាយរហូតដល់ការដឹកនាំថ្មីត្រូវបានបង្កើតឡើង។ វាក៏មានការសង្ស័យកាន់តែខ្លាំងឡើងអំពីថា តើកម្មវិធីផ្តល់សាច់ប្រាក់១៤ពាន់លានដុល្លារដែលរដ្ឋាភិបាលលោក ស៊្រីថា ថាវីស៊ីន នឹងបន្តដំណើរការទៅមុខ ឫក៏និរាករណ៍ចោលនោះទេ ពីព្រោះគោលនយោបាយនេះ ក៏ទំនងជាមានការប្រទាំងប្រទើសផងដែរ។
ក្រោយពេលដែលតុលាការធម្មនុញ្ញសម្រេចបណ្តេញលោក ស៊្រីថា ចេញពីអំណាចភ្លាមៗទីផ្សារជួញដូរភាគហ៊ុនបានធ្លាក់ចុះ០,៤% ហើយសន្ទស្សន៍នៃតម្លៃប្រាក់បាតថៃ ក៏បានធ្លាក់ចុះភ្លាមៗផងដែរ។ លោក គិតផុន ប្រៃប៉ៃសាគិត (Kitpon Praipaisarnkit) អ្នកវិភាគនៅក្រុមហ៊ុន UOB Kay Hian បានអះអាងថា សាលក្រមរបស់តុលាការធ្វើឱ្យមានការព្រួយបារម្ភចំពោះទីផ្សារភាគហ៊ុន និងវិស័យទាក់ទងនឹងការបន្តគោលនយោបាយ និងការជំរុញសេដ្ឋកិច្ច ជាពិសេសគឺពាណិជ្ជកម្ម។
ដោយៈ សរ សុជាតិ