លោកស្រី កាញ់ យ៉ាផាត់ ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បានមានប្រសាសន៍ថា បើសិនជា ប្រទេសថៃ អាចនាំចេញបានប្រមាណ ១៩ ទៅ ២០ពាន់លានដុល្លារអាមេរិកជារៀងរាល់ខែ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ការនាំចេញសរុបរបស់ប្រទេសថៃ នឹងធ្លាក់ចុះត្រឹមតែ ៨%។
លោកស្រីបន្តថា តម្រូវការប្រើប្រាស់នៅក្នុង ទីផ្សារសកល ចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ បន្ទាប់ពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ត្រូវបានបន្ធូរបន្ថយ ហើយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ចាប់ផ្តើមងាកមកពង្រឹងផ្នែកសេដ្ឋកិច្ចវិញ។
ជាក់ស្តែង ការបញ្ជាទិញទំនិញពី ទីផ្សារសកល និងដៃគូពាណិជ្ជកម្មសំខាន់ៗ ចាប់ផ្តើមកើនឡើងវិញ មានដូចជា ផលិតផលចំណីអាហារ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ការពារជម្ងឺជាដើម។
នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញទំនិញសរុបរបស់ថៃ ធា្លក់ចុះជិត ៨% មកនៅត្រឹម ១៥៣ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលមកថៃវិញ មានជាង ១៣៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យថៃ មានអតិរេកពាណិជ្ជកម្ម ១៨ពាន់លានដុល្លារអាមេរិក។
គួរជម្រាបដែរថា អ្នកនាំចេញទំនិញថៃ នៅតែមានក្តីបារម្ភខ្ពស់អំពី តម្លៃដឹកជញ្ជូនកើនឡើង និងមិនមានកុងតឺន័រគ្រប់គ្រាន់ ក៏ដូចជា កង្វះខាតពលកម្មក្នុងវិស័យនេះ ហើយអ្នកនាំចេញទំនិញទាំងអស់នោះ កំពុងចាំមើល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី ថាអាចជួយដល់ សហគ្រិន និងជំរុញកំណើនសេដ្ឋកិច្ចមកវិញ បានដោយរបៀបណា៕