ទីតាំងផ្សារ Makro ថ្មីនេះ ស្ថិតនៅលើបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី កែងនឹងផ្លូវ ១០០៣ ស្ថិតក្នុងខណ្ឌសែនសុខ ភាគខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ។
ផ្សារទំនើបលក់បោះដុំទំនិញដ៏ធំមួយនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែលគ្រប់គ្រងដោយមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលកាន់កាប់ភាគហ៊ុនចំនួន ៣០ភាគរយ និងក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលគ្រប់គ្រងដោយមហាសេដ្ឋីលេខ១ របស់ប្រទេសថៃ គឺលោក ដានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) កាន់កាប់ភាគហ៊ុនចំនួន៧០ភាគរយ។
Makro គឺជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មធំជាងគេរបស់ថៃ ដូចគ្នាទៅនឹងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនផលិតចំណីសត្វធំជាងគេនៅក្នុងប្រទេសកម្ពុជា។
ផ្សារទំនើប Makro នេះ សាងសង់នៅលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ពោងពាយ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹងផ្សារទំនើប អ៊ីអន (AEON) ទី២ របស់ជប៉ុនដែលកំពុងសាងសង់ផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែជ្រើសរើសបុគ្គលិកចំនួនជាង ២០០នាក់ សម្រាប់បម្រើការងារនៅក្នុងផ្សារទំនើបលក់ទំនិញបោះដុំដ៏ធំមួយនេះ។
សូមបញ្ជាក់ថា បើតាមគម្រោងនៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនផ្សារទំនើបធំៗចំនួនពីរដែលមកពីប្រទេសថៃ ដែលនឹងបោះទីតាំងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ផ្សារទំនើបមកពីប្រទេសថៃមួយទៀតនោះ គឺជាការវិនិយោគរបស់ក្រុមហ៊ុនសិនត្រាល់ គ្រុប គឺជាក្រុមហ៊ុនលក់រាយដ៏ធំជាងគេបំផុតនៅប្រទេសថៃ ដែលក៏គ្រោងនឹងបោះទីតាំងវិនិយោគរបស់ខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជា ផងដែរ៕