សារព័ត៌មាន The Nation របស់ថៃបានរាយការណ៍នៅថ្ងៃទី១៦ ខែតុលា ថា ពលរដ្ឋថៃថ្នាក់មូលដ្ឋាន និងកម្មករក្រីក្រប្រមាណ៥០០នាក់បានប្រមូលផ្តុំគ្នានៅខាងមុខសួនឧទ្យាន ឡាភីនី ក្នុងទីក្រុងបាងកក ក្រោមការដឹកនាំរបស់សមាគមអ្នកក្រីក្រថៃ ដើម្បីដើរក្បួនធ្វើការតវ៉ា។ ជាមួយគ្នានេះ ក្រុមបាតុករមួយក្រុមទៀត ដែលមានគ្នាច្រើនជាង៣០០នាក់មកពីបណ្តាញប្រជាជនប្រឆាំងធនាគារពិភពលោក និង IMF រួមជាមួយគណៈកម្មាធិការសម្របសម្រួលអង្គការក្រៅរដ្ឋាភិបាលស្តីពីការអភិវឌ្ឍ បានបោះជំរំស្នាក់នៅលើដងផ្លូវឆ្ពោះទៅកាន់ទីតាំងកិច្ចប្រជុំ តាំងពីព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា មកម្ល៉េះ។
ញត្តិទាមទារទាំង៦ចំណុច ដែលក្រុមអ្នកតវ៉ាថៃរៀបចំឡើងរួមមាន ទាមទារឱ្យលុបចោលបំណុលសម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលកំពុងជាប់អន្ទាក់វិបត្តិបំណុលវណ្ឌក, បើកផ្លូវឱ្យសាធារណជនត្រួតពិនិត្យដោយតម្លាភាពលើបំណុលបរទេស ដែលរដ្ឋាភិបាលថៃបានជំពាក់, បញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនសាជីវកម្មធំៗ ហើយបង្វែរថវិកាទាំងនោះមកគាំទ្រប្រព័ន្ធកសិកម្មបែបអេកូឡូស៊ីវិញ, ដំឡើងពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុនធំៗ និងទ្រព្យសម្បត្តិមហាសេដ្ឋី តាមអត្រាកើនឡើង ដើម្បីកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ, កែទម្រង់ធនាគារកណ្តាលថៃឱ្យមានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាព និងទាមទារឱ្យដាក់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិជាស្នូលនៃគោលនយោបាយសេដ្ឋកិច្ច ជាជាងបម្រើប្រយោជន៍ក្រុមជំនួញគ្រាក់ៗ។
ទោះជាយ៉ាងណា អាជ្ញាធរថៃបានប្រកាសកំណត់តំបន់ជុំវិញមជ្ឈមណ្ឌលសន្និបាតជាតំបន់ហាមឃាត់ការជួបជុំ ក្រោមលេសនៃច្បាប់ស្តីពីការជួបជុំសាធារណៈ។ នៅថ្ងៃសុក្រ ទី១៦ ខែតុលា កងប៉ូលិសថៃបានលើកទូកុងតឺន័រធំៗមកបិទបាំង និងរាំងខ្ទប់គ្រប់ច្រកល្ហកទាំងអស់ ដើម្បីរារាំងប្រជាពលរដ្ឋខ្លួនឯង។
ការអនុវត្តវិធានការសន្តិសុខដ៏តឹងរ៉ឹង និងជ្រុលហួសហេតុនេះ ត្រូវបានគេមើលឃើញថា ជានយោបាយបំបិទមាត់ពលរដ្ឋ ដែលធ្វើឱ្យក្រុមបាតុករស្ទើរតែគ្មានឱកាសអាចប្រគល់លិខិតទាមទារដោយផ្ទាល់ដៃទៅឱ្យនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលកំពុងចូលរួមក្នុងពិធីបើកកិច្ចប្រជុំនោះបានឡើយ៕