វិស័យថាមពល

ធនាគារពិភពលោកគ្រោងបង្កើនការផ្ដល់ហិរញ្ញប្បទានដល់វិស័យរ៉ែសំខាន់ៗ៥ដងនៅ៥ឆ្នាំខាងមុខ


ធនាគារពិភពលោកគ្រោងបង្កើនការផ្ដល់ហិរញ្ញប្បទានដល់វិស័យរ៉ែសំខាន់ៗឱ្យបាន៥ដងក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយកំណត់គោលដៅផ្ដល់ថវិកាចំនួន១៩ពាន់លានដុល្លារចន្លោះឆ្នាំសារពើពន្ធ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការនេះធ្វើឡើងស្របពេលប្រទេសនានាកំពុងប្រកួតប្រជែងគ្នាដើម្បីធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗសម្រាប់បច្ចេកវិទ្យាទំនើប និងថាមពលស្អាត។
ធនាគារពិភពលោក
ដោយ

ប្រធានធនាគារពិភពលោកលោក អាជេ បាំងហ្គា (Ajay Banga) នៅថ្ងៃទី១៦ ខែតុលា បានប្រកាសពីគោលដៅដ៏មហិច្ឆតានេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក នៅទីក្រុងបាងកក ប្រទេសថៃ។ ធនាគារពិភពលោក ក៏បានកំណត់ប្រទេសចំនួន២០ ដែលមានសក្ដានុពលធ្វើជាដៃគូក្នុងគម្រោងពាក់ព័ន្ធនឹងរ៉ែសំខាន់ៗផងដែរ។

ក្រោមផែនការថ្មីស្តីពីលោហធាតុ និងរ៉ែ ធនាគារពិភពលោកបានដាក់គោលដៅផ្តល់ហិរញ្ញប្បទានចំនួន១៩ពាន់លានដុល្លារចន្លោះឆ្នាំសារពើពន្ធ២០២៦ ដល់ឆ្នាំ២០៣០។ ចំនួននេះកើនឡើងយ៉ាងខ្លាំង បើធៀបនឹងហិរញ្ញប្បទានចំនួន៣,៦ពាន់លានដុល្លារ ដែលធនាគារនេះបានផ្តល់ក្នុងរយៈពេល៥ឆ្នាំមុន។ ផែនការនេះ បានកើតឡើងស្របពេលសហរដ្ឋអាម៉េរិក ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារពិភពលោកកំពុងជំរុញឱ្យមានការគាំទ្របន្ថែមសម្រាប់ការជីកយករ៉ែ ការកែច្នៃរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រទាំងនេះមានគោលដៅជួយប្រទេសនានាអភិវឌ្ឍឧស្សាហកម្មរ៉ែរបស់ខ្លួន និងបង្កើតការងារជូនប្រជាពលរដ្ឋ។

លោក ស្កុត បេសសេន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានជំរុញឱ្យធនាគារពិភពលោកជួយកាត់បន្ថយហានិភ័យនៃការវិនិយោគ និងផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រគម្រោងរ៉ែសំខាន់ៗ រួមទាំងការជីកយករ៉ែក្នុងសមុទ្រជ្រៅផងដែរ។

ទោះជាយ៉ាងណា ប្រធានធនាគារពិភពលោកមិនបានលើកឡើងដោយផ្ទាល់អំពីការជីកយករ៉ែក្នុងសមុទ្រជ្រៅនោះទេ។ ផ្ទុយទៅវិញ ផែនការរបស់ធនាគារពិភពលោកបញ្ជាក់ពីការអនុវត្តវិធីសាស្ត្រដ៏ប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា ការចូលរួមក្នុងវិស័យនេះត្រូវតែស្របតាមគោលនយោបាយដែលមានស្រាប់របស់ធនាគារ។

ប្រធានធនាគារពិភពលោករូបនេះក៏បានឱ្យដឹងដែរថា World Bank Group ដែលគ្រប់គ្រងពីលើធនាគារពិភពលោកកៀរគរដើមទុនពីវិស័យឯកជនបានចំនួន១១២ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៦។ បើបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ខ្លួន World Bank Group បានផ្តល់ហិរញ្ញប្បទានសរុបចំនួន២៣០ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា៕




អត្ថបទបន្ទាប់


ក្រុមបាតុករថៃបន្តធ្វើបាតុកម្មទាមទារឱ្យ IMF និងធនាគារពិភពលោកដោះស្រាយបញ្ហា៦ចំណុច ខណៈប៉ូលិសថៃដាក់ទូកុងតឺន័របិទផ្លូវ

សមាគមអ្នកក្រីក្រថៃ និងអង្គការសង្គមស៊ីវិលបានដើរក្បួនទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិនៅបាងកក ដើម្បីដាក់ញត្តិ៦ចំណុចទៅ IMF និងធនាគារពិភពលោក ខណៈប…

សម្តេចធិបតី បកអាក្រាតប្រាប់មេដឹកនាំ CICA ថា ការគេចវេសមិនអនុវត្តយន្តការ JBC របស់ថៃធ្វើឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់បន្តភៀសខ្លួន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីផលវិបាកនៃការពន្យារពេលអនុវត្តយន្តការ JBC របស់ថៃ នៅក្នុងកិច្ចប្រជុំកំពូល CICA នៅប្រទេសអាស៊ែបៃហ្សង់។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ