លោក គ្រីសាដា ជីណា វិចារាណា លេខាធិការហិរញ្ញវត្ថុអចិន្ត្រៃយ៍ នៃការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ បានបញ្ជាក់ថា ការរំពឹងទុកកម្រិតបំណុលសាធារណៈ នឹងមិនកើនដល់ ៥៧% នៃ GDP នៅ៥ឆ្នាំក្រោយនេះ ដោយបានរួមបញ្ចូលទាំងអនុក្រឹត្យប្រាក់កម្ចីជិត ៣២ ពាន់លានដុល្លារទៀត ប៉ុន្ដែ មិនបានរាប់បញ្ចូលលទ្ធភាពនៃការខ្ចីប្រាក់កម្ចីបន្ថែមនោះទេ។
ការប្រមូលចំណូលថវិកាសម្រាប់ឆ្នាំ២០២១ របស់ថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ១ខែតុលានេះ គឺត្រូវបានរំពឹងថា នឹងប្រមូលបានគ្រប់នឹងផែនការប្រមាណ ៨៥ពាន់លានដុល្លារ ដោយផ្អែកលើកំណើន GDP កើន ៤ ទៅ៥ភាគរយ។
តាមទិន្នន័យបានបង្ហាញទៀតថា កម្រិតបំណុលសាធារណៈរបស់ថៃ បច្ចុប្បន្នកើនដល់ ៤៨% នៃផលិតផលក្នុងស្រុកសរុបហើយ ដោយមានបំណុលប្រមាណជាង ២៤៤ ពាន់លានដុល្លារអាមេរិកហើយ។
នាយកការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ លោក ផាទ្រីសៀ ម៉ុងឃន វ៉ាន់នីត បាននិយាយនាពេលថ្មីៗនេះថា កម្រិតបំណុលសាធារណៈ អាចនឹងកើនលើស ៦០% នៃ GDP ទៅបាន គឺអាស្រ័យលើថា តើរាជរដ្ឋាភិបាលថៃ បានចូលរួម ក្នុងការខ្ចីបន្ថែមទៀត ដូចជាការដាក់ចេញនូវអនុក្រឹត្យប្រាក់កម្ចីជាដើម។
អនុម័តកាលពីខែមេសា អនុក្រឹត្យប្រាក់កម្ចី ១ទ្រីលានបាត ឬស្មើនឹងប្រមាណជិត ៣២ ពាន់លានដុល្លារ របស់រាជរដ្ឋាភិបាលថៃ គឺក្នុងគោលបំណងដើម្បីប្រើប្រាស់រក្សាលំនឹងសេដ្ឋកិច្ចក្នុងអំឡុងពេលមានវិបត្តិនៃមេរោគកូវីដ-១៩។
កម្រិតបំណុលសាធារណៈថៃ នឹងកើនដល់ ៥៧% នៃ GDP នៅពេលមានការដកប្រាក់កម្ចីពេញលេញ ក្រោមអនុក្រឹត្យប្រាក់កម្ចី ដែលបានអនុម័តនោះ។
គួរបញ្ជាក់ដែរថា នៅឆមាសទី ៤នៃឆ្នាំនេះ ចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវបាន ត្រូវបានគេរំពឹងថា នឹងកើនដល់ ២លាន៥សែននាក់ ដោយមានការកើនឡើង ៦,៥%។ ក្នុងចំណោមអ្នកអត់មានការងារធ្វើទាំងនោះ មានប្រមាណ ៥០ម៉ឺននាក់ គឺជានិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ ខណៈដែលចំនួនកម្លាំងពលកម្មដែលមានចុះក្នុងបញ្ចីនៅក្នុងប្រទេសថៃ សរុបមាន ជាង៣៨ លាននាក់៕