បើតាមសេចក្ដីជូនដំណឹងនោះ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្ធូរបន្ថយអនុញ្ញាតឲ្យអ្នកដំណើរមួយចំនួនចូលមកកាន់ប្រទេសថៃបាន ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០នេះ តទៅ តាមលក្ខខណ្ឌមួយចំនួន។ ក្នុងនោះ អ្នកដំណើរ ទាំង ១១ ប្រភេទ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃនោះ រួមមាន៖
១, អ្នកមានសញ្ជាតិថៃ
២, អ្នកដែលទទួលបានការលើកលែង ឬជាករណីដែលនាយករដ្ឋមន្ត្រីអនុញ្ញាត ឬអញ្ជើញចូលមកប្រទេសថៃ
៣, អង្គទូត មន្ត្រីកុងស៊ុល តំណាងអង្គការអន្តរជាតិ ឬតំណាងរដ្ឋាភិបាល និងស្ថាប័នបរទេស ដែលមកបំពេញបេសកកម្មនៅក្នុងប្រទេសថៃ ឬមន្ត្រីស្ថាប័នដែលក្រសួងការបរទេសអនុញ្ញាតតាមភាពចាំបាច់ ព្រមទាំងស្វាមី/ភរិយា ឱពុកម្ដាយ ឬកូនរបស់មន្ត្រីទាំងនោះ។
៤, អ្នកដឹកជញ្ជូនទំនិញចាំបាច់ ប៉ុន្ដែ ពេលបញ្ចប់ភារកិច្ច ត្រូវចេញពីប្រទេសថៃវិញភ្លាម
៥, អ្នកបញ្ជាយានយន្ដ ដែលមានភាពចាំបាច់ត្រូវចូលមកតាមភារកិច្ច ដោយមានការកំណត់ពេលវេលាចាកចេញច្បាស់លាស់
៦, ជនបរទេសដែលជាភរិយា/ស្វាមីជាជនជាតិថៃ ព្រមទាំងឪពុកម្ដាយ ឬកូនរបស់គាត់
៧, ជនបរទេសដែលមានបណ្ណស្នាក់នៅ ឬមានផ្ទះនៅក្នុងប្រទេសថៃ
៨, ជនបរទេសដែលមានបណ្ណអនុញ្ញាតការងារ ឬទទួលបានការអនុញ្ញាតឲ្យចូលមកបំពេញការងារ នៅក្នុងប្រទេសថៃ ព្រមទាំងស្វាមី/ភរិយា និងកូនរបស់គាត់
៩, សិស្ស និងនិស្សិតបរទេស ដែលសិក្សានៅក្នុងប្រទេសថៃ ព្រមទាំងអាណាព្យាបាលរបស់ពួកគេ
១០, ជនបរទេស ដែលមានភាពចាំបាច់ត្រូវចូលមកព្យាបាលជំងឺ និងអ្នកអមដំណើរ ប៉ុន្ដែ មិនមែនករណីនាំចូលមកព្យាបាលកូវីដ-១៩ទេ
១១, ជនបរទេស ដែលទទួលបានការអនុញ្ញាតឲ្យចូលមកកាន់ប្រទេសថៃ តាមការព្រមព្រៀងពិសេសរវាងប្រទេសថៃ និងប្រទេសនោះ។
ទោះយ៉ាងណា ជនដែលចូលមកប្រទេសថៃ ត្រូវអនុវត្ត តាមលក្ខខណ្ឌ កាលបរិច្ឆេទ និងគោលការណ៍ច្បាប់របស់ប្រទេសថៃ ច្បាប់ការទប់ស្កាត់ជំងឺឆ្លង និងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងត្រូវអនុវត្តតាមវិធានការសុខាភិបាលតឹងរ៉ឹង ព្រមទាំងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែកតាមទីតាំងដែលកំណត់ដោយរដ្ឋ។
បន្ថែមពីនេះទៀត ចំពោះអ្នកដំណើរដែលចូលទៅក្នុងប្រទេសថៃ ដូចជា អង្គទូត/តំណាងបរទេស ដែលថៃអញ្ជើញ, សិស្សនិស្សិត និងជនបរទេស ដែលមានបណ្ណការងារ និងអ្នកចូលមកព្យបាលជំងឺជាដើមនោះ ចាំបាច់ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវមួយចំនួនផ្សេងទៀតពីរដ្ឋាភិបាលថៃផងដែរ៕