
ប្រទេសថៃ បានជាប់ពន្ធគយ៣៦% ក្នុងវិធានការពន្ធដាក់ដោយទីក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវចរចាជាមួយអាម៉េរិកជាបន្ទាន់នៅក្នុងពេល៩០ថ្ងៃ នៃការពន្យារពេលអនុវត្តពន្ធនេះ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាននីកេអេស៊ា លោក ក្រៀងក្រៃ ធៀននូគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា អ្នកធុរកិច្ចថៃ បានប៉ាន់ប្រមាណថា អត្រាពន្ធបដិការរបស់លោក ដូណាល់ ត្រាំ នឹងស្ថិតក្នុងចន្លោះពី១០% ទៅ១៥%ផ្អែកលើភាពខុសគ្នានៃពន្ធបច្ចុប្បន្នរវាងថៃ និងអាម៉េរិក ដែលអាចខាតបង់ដល់សេដ្ឋកិច្ចថៃចន្លោះពីជិត៥០លានដុល្លារ ទៅជិត៧៥លានដុល្លារ។
យ៉ាងណាក៏ដោយលោក ក្រៀងក្រៃ បាននិយាយថា អាម៉េរិក ក៏អាចនឹងយកពន្ធលើប្រទេសថៃ ច្រើនជាងនេះផងដែរ ដោយផ្អែកតាមការគណនាពន្ធរបស់លោក ត្រាំ ដូច្នេះហើយលោកបានប៉ាន់ប្រមាណថា ថៃ អាចនឹងខាតបង់សេដ្ឋកិច្ចរហូតដល់២៤ពាន់លានដុល្លារអាម៉េរិក។
តម្លៃនៃការខាតបង់នេះស្មើនឹងប្រមាណ៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ដែលមានប្រមាណជិត៦០៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដូច្នេះវានឹងចោលទម្ងន់លើទស្សនវិស័យសេដ្ឋកិច្ចប្រទេសនេះ។ GDP របស់ថៃ បានកើនឡើង២,៥%កាលពីឆ្នាំមុន ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ រំពឹងថា សេដ្ឋកិច្ចថៃនឹងសម្រេចបានកំណើនពី២,៣% ទៅ៣,៣% នៅឆ្នាំ២០២៥ នេះ។
សម្រាប់ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ការនាំចេញរបស់ប្រទេសនេះមានជាង៦០%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ហើយអាម៉េរិកជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសនេះ ដោយតម្លៃនៃការនាំចេញនៅទីនោះបានឈានដល់៥៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕
ដោយ៖ សុខ មង្គល