បើគិតចាប់តាំងពីថ្ងៃទី ១ ខែមេសា ដែលមានករណីផ្ទុះរលកឆ្លងថ្មីមក គេសង្កេតឃើញថាអ្នកឆ្លងថ្មីៗមកទល់ពេលនេះមានជាង២ម៉ឺននាក់ ហើយគិតត្រឹមខែមេសានេះប៉ុណ្ណោះ មានអ្នកស្លាប់ថ្មី ២៧នាក់។
ប្រទេសថៃ នៅមួយរយៈចុងក្រោយនេះ មានរកឃើញអ្នកឆ្លងថ្មីៗដល់ទៅជាង១ពាន់នាក់ក្នុងមួយថ្ងៃ ហើយនៅថ្ងៃទី ២៣ ខែមេសានេះ តួលេខបានហក់ឡើងដល់ទៅជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ដែលកំពុងបង្ករឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗចំពោះការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសនេះ ខណៈដែលចំនួនអ្នកឆ្លងកើនឡើង ក៏បានធ្វើឲ្យបញ្ហាកង្វះកន្លែងសម្រាកព្យាលបាលកើនឡើងដែរ។
គិតមកត្រឹមថ្ងៃទី ២៣ ខែមេសា មានអ្នកឆ្លងកូវីដ-១៩ ប្រមាណជាង១ម៉ឺន៥ពាន់នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ រួមមានអ្នកមានស្ថានភាពជំងឺធ្ងន់ធ្ងរជាង៣៥០នាក់ និងមាន៩១នាក់ កំពុងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម ហើយមានជាង៤ពាន់នាក់ទៀត កំពុងសម្រាកព្យាបាលនៅកន្លែងរៀបចំបណ្ដោះអាសន្ន។
បើទោះបីជា ស្ថានការណ៍ប្រទេសថៃកំពុងវិវត្តកាន់តែយ៉ាប់យ៉ឺនឡើងក៏ដោយចុះ ប៉ុន្ដែ រដ្ឋាភិបាលថៃមិនទាន់មានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដូចរាល់ដងដែលធ្លាប់បានធ្វើនាពេលកន្លងទៅនោះទេ។
ប្រទេសថៃ ត្រូវបានគេមើលឃើញថាហាក់មានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួន ខណៈដែលមកទល់ពេលនេះ ចំនួនអ្នកបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ គឺនៅមានតិចតួចនៅឡើយ។
ទោះយ៉ាងណា ប្រទេសនេះ កំពុងបញ្ជាទិញវ៉ាក់សាំងបន្ថែមរាប់លានដូសបន្ថែមទៀត ដោយក្នុងនោះ ក៏កំពុងចរចាទិញវ៉ាក់សាំងពីអាមេរិក Pfizer ផងដែរ។ នេះបើតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលប្រទេសនេះធ្លាប់បានលើកឡើងថ្មីៗនេះ៕