
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានលើកឡើងថា រដ្ឋាភិបាលថៃនឹងលើកទឹកចិត្តឱ្យបណ្ដាធនាគារពាណិជ្ជដោះស្រាយបញ្ហាឥណទានមិនដំណើរការជំពាក់ដោយអតិថិជនខ្នាតតូច និងអ្នកប្រើប្រាស់បណ្ណឥណទាន។ លោក ពិឆៃ បានលើកឡើងថា កូនបំណុលដែលស្ថិតនៅក្នុងក្រុមនេះ គឺម្នាក់ៗជំពាក់ធនាគារមិនលើសពី១សែនបាត ឬប្រមាណ២.៩៥០ដុល្លារអាម៉េរិក នោះទេ ហើយទាំងនេះ គឺជាបំណុលដែលគ្មានដាក់ទ្រព្យធានា។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ កូនបំណុលខ្នាតតូចទាំងនេះមិនទាន់បានចូលរួមក្នុងកម្មវិធីរៀបចំឥណទានឡើងវិញនោះទេ ហើយបំណុលរបស់ពួកគេមានទំហំគ្របដណ្ដប់រហូតដល់ទៅ៣៥%នៃឥណទានមិនដំណើរការរបស់ធនាគារនានា។ លោកបានបញ្ជាក់ថា កូនបំណុលខ្នាតតូចទាំងនេះជំពាក់ធនាគារពាណិជ្ជសរុបបញ្ចូលគ្នាជាង១២,៦ពាន់លានដុល្លារអាម៉េរិក។
ទិន្នន័យផ្លូវការបង្ហាញថា បំណុលគ្រួសារពលរដ្ឋក្នុងប្រទេសថៃ នាពេលបច្ចុប្បន្នមានរហូតដល់ទៅជាង៣៨៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចំនួន៣៦ពាន់លានដុល្លារអាម៉េរិក ជាឥណទានមិនដំណើរការ។ រហូតមកទល់ពេលនេះ រដ្ឋាភិបាលថៃ បានបញ្ចុះបញ្ចូល៥០%នៃកូនបំណុលដែលខកខានទូទាត់សងធនាគាររយៈពេលរហូតដល់មួយឆ្នាំឱ្យចូលរួមក្នុងកម្មវិធីរៀបចំឥណទានឡើងវិញ ហើយភាគច្រើននៃឥណទានមិនដំណើរការទាំងនោះជាកម្ចីទិញផ្ទះ និងកម្ចីទិញរថយន្ត។
ចំណែកឯធនាគារនានា ក៏បានព្យាយាមជួយកូនបំណុលខ្នាតតូច និងគ្មានសុវត្ថិភាពទាំងនេះឱ្យពួកគេចូលរួមក្នុងកម្មវិធីរៀបចំឥណទានឡើងវិញផងដែរ ដើម្បីឱ្យពួកគេទូទាត់សងមកធនាគារវិញតាមលទ្ធភាព ប៉ុន្តែកូនបំណុលភាគច្រើនមិនបានឆ្លើយតបទេ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយសម្របសម្រួលជាមួយធនាគារ និងកូនបំណុលខ្នាតតូចទាំងនោះ ដោយជំរុញឱ្យកូនបំណុលដែលជំពាក់មិនលើសពី១សែនបាត ឬប្រមាណ២.៩៥០ដុល្លារអាម៉េរិក ចូលរួមក្នុងកម្មវិធីរៀបចំឥណទានឡើងវិញ៕
ដោយ: តែម សុខុម