ប្រទេសថៃបានពន្យារពេលបិទខ្ទប់២សប្ដាហ៍ទៀត ដោយសារកូវីដ១៩ឆ្លងសាយភាយខ្លាំងពេញផ្ទៃប្រទេស! ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីៗប្រចាំថ្ងៃនៅប្រទេសថៃ នៅតែបន្ដហក់ឡើងខ្ពស់ជាង១ម៉ឺននាក់រៀងរាល់ថ្ង។ គិតមកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដ-១៩សរុបនៅប្រទេសថៃ មានជាង ៥ពាន់នាក់ហើយ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានលើកឡើងថា បម្រាមគោចរ ត្រូវបានដាក់ចាប់ពីម៉ោង ៩យប់ដល់ម៉ោង ៤ភ្លឺ ចាប់ពីថ្ងៃទី ០៣ ខែសីហា នេះតទៅ សម្រាប់រយៈពេល ១៤ថ្ងៃ ហើយវិធានការរឹតបន្ដឹងផ្សេងទៀតនឹងត្រូវបានដាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន២៨ផ្សេងទៀត។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ របស់ថៃ នឹងវាយតម្លៃស្ថានភាពកូវីដ-១៩ជាថ្មីទៀត នៅថ្ងៃទី ១៨ ខែសីហា ហើយការពន្យារពេលបិទខ្ទប់អាចនឹងត្រូវធ្វើឡើងបន្តទៀត រហូតដល់ចុងខែនេះ ប្រសិនជាស្ថានភាពមិនមានការធូរស្រាលទេនោះ។
យ៉ាងណាក៏ដោយចុះ អាជ្ញាធរថៃ ថ្មីៗនេះ ក៏បានសម្រេចបន្ធូរបន្ថយការរឹតត្បិតជាងមុនបន្ដិចដែរ ដោយបានអនុញ្ញាតឲ្យភោជនីយដ្ឋាន អាហារដ្ឋាននៅផ្សារទំនើប ក្នុងតំបន់ក្រហម អាចលក់អាហារបស់ពួកគេបាន ដោយប្រើប្រាស់ការកក់សេវាដឹកជញ្ជូនតាមអនឡាញ ប៉ុន្ដែ ការទទួលទានអាហារនៅក្នុងហាងគឺនៅតែត្រូវបានហាមឃាត់។
ក្រៅពីនេះ វិធានការរឹតបន្ដឹងផ្សេងៗទៀត នៅក្នុងតំបន់ក្រហម គឺនៅតែបន្ដដដែល រួមទាំងការរឹតត្បិតការធ្វើដំណើរឆ្លងកាត់ខេត្ត ដោយអ្នកដែលត្រូវបានអនុញ្ញាតឲ្យចូលមកកាន់តំបន់ក្រហមនេះបាន ត្រូវតែមានហេតុផលត្រឹមត្រូវ និង មានការត្រួតពិនិត្យច្បាស់លាស់មុនចូល។ ជាមួយគ្នានេះ ការប្រមូលផ្ដុំមនុស្សចាប់ពី៥នាក់ឡើងទៅ គឺ ត្រូវបានហាមឃាត់ដដែល។
ជាមួយគ្នានេះ សម្រាប់មជ្ឈមណ្ឌលទិញទំនិញ ហាងលក់ទំនិញតូចៗ មជ្ឈមណ្ឌលលក់ទំនិញបែបសហគមន៍ ត្រូវតែបិទប្រតិបត្តិការ លើកលែងតែ ផ្សារទំនើប ឱសថស្ថាន និង ស្ថានីយចាក់វ៉ាក់សាំងប៉ុណ្ណោះ។ សម្រាប់សេវាដឹកជញ្ជូនសាធារណៈវិញ គឺត្រូវតែផ្អាកចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៤ភ្លឺ។ រីឯនៅតំបន់ក្រហម ការដឹកជញ្ជូនសារធារណៈ គឺត្រូវបានកំណត់ឲ្យមានប្រតិបត្តិការត្រឹម ៥០%ប៉ុណ្ណោះ។
អត្រាឆ្លងនៅក្នុងទីក្រុងបាងកក ត្រូវបានគេមើលឃើញថា មានការថយចុះជាងមុនបន្ដិចហើយ ដោយនៅមានប្រមាណ ៣៩% នៃការឆ្លងទូទាំងប្រទេស ខណៈដែលអត្រាឆ្លងនៅខេត្តផ្សេងៗទៀត បានកើនឡើងកាន់តែខ្លាំង ដោយសារតែមេរោគបំប្លែងថ្មី ឌែលតា។ តួលេខឆ្លងថ្មី កាលពីថ្ងៃចន្ទសប្ដាហ៍នេះបង្ហាញថា ថៃរកឃើញករណីឆ្លងថ្មីជាង ១ម៉ឺន៨ពាន់នាក់ និងមានអ្នកស្លាប់១៣៣នាក់។ សរុបមកទល់ពេលនេះ ថៃមានអ្នកឆ្លងជាង៦៣ម៉ឺននាក់ និងអ្នកស្លាប់ជាង៥ពាន់នាក់ហើយ៕