ប្រទេសថៃ

ថៃ ព្រមានពីហានិភ័យខ្ពស់កំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ក្រោយមេរោគបំប្លែងថ្មីឌែលតា ចូលអុកឡុក


ស្ថាប័នហិរញ្ញវត្ថុរបស់ថៃបានចេញមកព្រមានពីហានិភ័យកំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ដោយសារការរីករាលដាលឆ្លងកូវីដ១៩ បំម្លែងខ្លួនថ្មី មិនបន្ថយល្បឿនឆ្លងនោះទេ ។ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃ ពេលនេះចំនួនកម្មករគ្មានការងារធ្វើ និងកម្មករដែលធ្វើការតិចម៉ោង បានឈានដល់ ៣លាននាក់ហើយ នៅត្រីមាសទី២ក្នុងឆ្នាំនេះ ខណៈដែលបញ្ហារាតត្បាតកូវីដ-១៩ កំពុងអូសបន្លាយ បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងមកលើសេដ្ឋកិច្ចថៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
ក្រមគ្រូពេទ្យកំពុងតែពិនិត្យសំណាករបស់ប្រជាជន ក្នុងប្រទេសថៃ
ដោយ

បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​ធនាគារកណ្ដាល​ថៃ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង ដោយ​អះអាង​ថា ការ​បិទ​អាជីវកម្ម និង​ការ​បញ្ឈប់​ការងារ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩ ដែល​កំពុង​បង្កើន​ហានិភ័យ​កាន់តែ​ខ្ពស់​ដល់​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​នេះ​។

នៅ​ស​ប្ដា​ហ៍​នេះ​ធនាគារកណ្តាល​បាន​ចេញ​របាយការណ៍​ដែល​បាន​កែសម្រួល​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ (MPC) កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ក្នុង​របាយការណ៍​នោះ បាន​បង្ហាញ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម ជា​ពិសេស​អ្នក​ដែល​នៅ​ក្នុង​វិស័យ​សេវាកម្ម នឹង​កាន់តែ​មាន​ភាព​ងាយ​រង​គ្រោះ និង​ទីផ្សារ​ការងារ​កាន់តែ​មាន​ភាព​ផុយ​ស្រួយ ដែល​អាច​នាំ​ឱ្យ​មានការ​បិទ​អាជីវកម្ម និង​ការ​បញ្ឈប់​ការងារ​ជាដើម​។

ជាក់ស្ដែង​ទេសាភិបាល​ធនាគារកណ្តាល​ថៃ បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ទីផ្សារ​ការងារ​បាន​ធ្លាក់​ចុះ ពោល​គឺ​ភាព​គ្មាន​ការងារ​ធ្វើ​មានការ​កើនឡើង និង​ចំនួន​ម៉ោង​ធ្វើការ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ ។

ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ និង អ្នក​ដែល​មានការ​ងារ​ធ្វើ​តិច​ម៉ោង បាន​កើន​ដល់​៣​លាន​នាក់​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​នេះ កើនឡើង​ពី​ប្រមាណ ១​លាន​នាក់​ដែល​ធ្លាប់​មាន​កាលពីមុន​ពេល​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​។

នៅ​ក្នុងអំឡុងពេល​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩ មាន​កម្មករ​ប្រមាណ​១​លាន​៦​សែន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ហើយ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ការងារ​ពី​វិស័យ​សេវាកម្ម​ទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ជាង​មុន​។

ជាមួយ​គ្នា​នេះ​ដែរ ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​រយៈពេល​ជាង​១​ឆ្នាំ គឺ​បាន​កើន​ដល់​ទៅ​ប្រមាណ ១៧​ម៉ឺន​នាក់ នៅ​ក្នុង​ត្រីមាស​ទី​២​នៅ​ឆ្នាំ​នេះ ពោល​គឺ​បាន​កើនឡើង​ដល់​ទៅ ៣​ដង​ធៀប​នឹង​ពេល​មិន​ទាន់​មាន​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​។

យ៉ាងណាមិញ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សារ​ពី មហាវិទ្យាល័យ​ក៏​ប្រឈម​ហានិភ័យ​ខ្ពស់​ផង​ដែរ ពោល​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ប្រទេស​ថៃ​ដែល​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​រហូត​ដល់ ២​ម៉ឺន ៩​ពាន់​ហើយ ។ ដូច្នេះ​ហើយ សេដ្ឋកិច្ច​ថៃ នឹង​មាន​ល្បឿន​យឺត​ជាង​មុន​ដោយសារ​វិធាន​ការណ៍​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ -១៩ ដែល​អាច​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។

សូម​ជម្រាប​ដែរ​ថា ធនាគារជាតិ​របស់​ថៃ​ថ្មី​ៗ​នេះ បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​២០២១​នេះ ពី ១,៨% មក​នៅ​ត្រឹម​ចំនួន​តិចតួច​បំផុត​ត្រឹម ០,៧%  ប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ ធនាគារជាតិ​ថៃ ថែម​ទាំង​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ​សម្រាប់​ឆ្នាំ​២០២២ ពី ៣,៩% មក​ត្រឹម ៣,៧% ផង​ដែរ ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ដែល​បាន​និង​កំពុង​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីកំពុងលេចមុខហើយ!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៩សីហាថា អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអ៊ីស្មែល សាប្រ៊ី យ៉ាកុប (Ismail S…

IMF បិទខ្ទប់សិទ្ធិដកយកទុនបម្រុង៤៤០លានដុល្លាររបស់អាហ្វហ្គានីស្ថាន

អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានឲ្យដឹង ថា ខ្លួនបានផ្អាកការប្រើប្រាស់ធនធានរបស់ខ្លួនសម្រាប់ផ្ដល់ឲ្យប្រទេសអាហ្វហ្គានីស្ថានមួយរយៈសិន ក្នុងនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ