ទិន្នន័យដដែលបង្ហាញថា នាំចេញទំនិញសំខាន់ៗ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសរុបជារួម បានធ្លាក់ចុះ ជាង ៨% នៅរយៈពេល២ខែដំបូងឆ្នាំ២០២៣នេះក្ដី ប៉ុន្ដែសម្រាប់ការនាំចេញគ្រឿងម៉ាស៊ិន និងឧបករណ៍អគ្គិសនី មានកំណើនរហូតជិត១០០% ក្នុងទំហំទឹកប្រាក់ជាង ៤៥៧លានដុល្លារ ក្នុងចំណោមចំណូលការនាំចេញសរុបជាង ៣ពាន់លានដុល្លារ។
មុខទំនិញ គ្រឿងម៉ាស៊ីន គ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា គឺសុទ្ធសឹងជាផលិតផលដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្មនាំចេញទំនិញរបស់កម្ពុជា ពីការពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលកាត់ដេរ វាយនភណ្ឌ ងាកទៅរកការនាំចេញគ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំ និងសម្ភារៈអគ្គិសនី ដែលមានតម្លៃបន្ថែមខ្ពស់។ ក្រុមអ្នកជំនាញជាច្រើន សុទ្ធតែបានវាយតម្លៃថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការនាំចញមុខទំនិញទាំងនេះ បង្ហាញពីសម្ទុះកំណើនខ្ពស់ជាងរៀងរាល់ឆ្នាំ ខណៈដែលរាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្តកាន់តែច្រើនសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសច្បាប់វិនិយោគថ្មី ដែលទើបតែបានដាក់ចេញនាពេលកន្លងមកនេះ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការនាំចេញទំនិញផ្សេងទៀត ដូចជាផលិតផលផ្នែកកាត់ដេរ វាយនភណ្ឌ មានការធ្លាក់ចុះនៅដើមឆ្នាំនេះ ត្រូវបានជំនាញបានកត់សម្គាល់ឃើញថា ដោយសារការកាត់បន្ថយការចំណាយផ្សេងៗ នៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជា ការនាំចេញ នៅប៉ុន្មានខែចុងក្រោយនេះ គឺមិនខុសគ្នាទៅនឹងនិន្នាការទីផ្សារនៃប្រទេសក្នុងតំបន់ និងលើពិភពលោកនោះទេ ពោលគឺការដោះដូរពាណិជ្ជកម្មនៅប្រទេសដ៏ទៃទៀតក៏មានការធ្លាក់ចុះដូចគ្នាដែរ។
សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ ជាដើម។ បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាដដែល ដ្បិត ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងអាមេរិក មានការធ្លាក់ចុះនៅក្នុងរយៈពេល២ខែដើមឆ្នាំនេះក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗ មួយចំនួន ដូចជា ជប៉ុន វៀតណាម និងថៃ គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមាន៕