ការកើនឡើងតម្លៃជួញដូរ និងការទូទាត់ជាប្រាក់ដុល្លារនៅដើមសប្តាហ៍នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការប្រុងជើងការខ្ពស់ ប៉ុន្តែវាអាចជាសញ្ញាវិជ្ជមានមួយនៅមុនពេលដែលធនាគារកណ្តាលនៃប្រទេសមហាអំណាចមួយនេះប្រកាសនូវគោលនយោបាយសេដ្ឋកិច្ច ដែលគេគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
ផ្អែកតាមសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលជារង្វាស់អតិផរណារបស់ធនាគារកណ្តាលអាម៉េរិក ត្រូវបានគេរំពឹងថា អត្រាអតិផរណាអាចនឹងស្ថិតនៅក្នុងរង្វង់ប្រមាណជា០,៤%។
អ្នកវិភាគអះអាងថា ការប្រែប្រួលអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក ក៏នឹងជះឥទ្ធិលដល់ការប្រែប្រួលសេដ្ឋកិច្ចនិងអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ជប៉ុន និងអូស្ត្រាលី ហើយក៏នឹងរួមបញ្ចូលទាំងចិនផងដែរ។
តម្លៃនៃការជួញដូរប្រាក់ដុល្លារនៅអាស៊ី បានកើនឡើង តែនៅអឺរ៉ុបជាពិសេសនៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះ០,០៤ % ដោយ១អឺរ៉ូ ស្មើនឹង១,១ដុល្លារ ខណៈដែលប្រាក់ដុល្លារនូវែលសេឡង់បានធ្លាក់ចុះ0,៥៥% ពោលគឺ១ដុល្លារនូវែលសេឡង់ ធ្លាក់មកនៅត្រឹម០,៦១ដុល្លារអាម៉េរិក។ ចំណែកលុយផោនអង់គ្លេស១ផោន ធ្លាក់មកនៅត្រឹម១,២៦ដុល្លារ រីឯលុយដុល្លារអូស្រ្តាលីធ្លាក់ចុះ០,០៧% ដោយ១ដុល្លារអូស្ត្រាលី ធ្លាក់មកនៅត្រឹម០,៦៥ដុល្លារអាម៉េរិក។
ដោយឡែក នៅជប៉ុនឯណោះវិញ ទិន្នន័យស្តីពីតម្លៃទំនិញប្រើប្រាស់ទូទាំងប្រទេសត្រូវបានគេព្យាករថា នឹងបង្ហាញពីការធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ១,៨% នៅក្នុងខែមករា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក៕
ដោយ: សរ សុជាតិ