បច្ចុប្បន្នកំពង់ផែទេសចរណ៍ដែលមានតម្លៃជាង៩លានដុល្លារមួយនេះ សម្រេចការសាងសង់បានជាង៩០% ហើយ ក្រោយចំណាយពេលសាងសង់ជិត៤ឆ្នាំកន្លងមកនេះ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត នៅព្រឹកថ្ងៃទី២៩ មីនា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់កំពង់នេះជ្រើសរើសកម្មករ និងបង្កើនវេនធ្វើការបន្ថែម ក្រោយឯកឧត្តមមើលឃើញពីភាពយឺតយ៉ាវក្នុងការសាងសង់របស់ក្រុមហ៊ុនម៉ៅការនេះជាងការរំពឹងទុក។
ទោះយ៉ាងណា នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រុមហ៊ុនម៉ៅការសាងសង់កំពង់ផែខាងលើបានប្តេជ្ញាថា ខ្លួននឹងបញ្ចប់ការសាងសង់កំពង់ផែនេះនៅក្នុងរយៈពេលពីរខែខាងមុខនេះ។ ប៉ុន្តែឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនរំពឹងថា ក្រុមហ៊ុននេះអាចបញ្ចប់ការសាងសង់ដូចទៅនឹងអ្វីដែលពួកគេបានប្តេជ្ញានោះឡើយ។ ក្រោយពិនិត្យមើលសមិទ្ធផល និងលទ្ធភាពជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្រេចពន្យារពេលសាងសង់ឲ្យក្រុមហ៊ុននេះរហូតដល់ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្នកំពុងផែទេសចរណ៍ដែលមានតម្លៃជាង៩លានដុល្លារមួយនេះ សម្រេចការសាងសង់បាន៩៣% ហើយ ក្រោយចំណាយពេលសាងសង់ជិត៤ឆ្នាំ កន្លងមកនេះ។ តាមគម្រោងកំពង់ផែនេះគ្រោងបញ្ចប់ការសាងសង់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានសម្រេចពន្យារពេលឲ្យក្រុមហ៊ុនដល់ដំណាច់ឆ្នាំ២០២១ ហើយបន្ដពន្យារពេលរហូតមកទល់បច្ចុប្បន្ន។ ការពន្យារពេលជាបន្តបន្ទាប់នេះ គឺបន្ទាប់ពីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានកម្មករមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ និងមួយចំនួនបានត្រឡប់ទៅស្រុកវិញដោយសារខ្លាចជំងឺរាតត្បាតនេះ។
កំពង់ផែនេះសាងសង់លើផ្ទៃ៤ហិកតា ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ បើតាមរបាយការណ៍របស់ ADB ស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ(GMS) ក្រោយកំពង់ផែទេសចរណ៍នេះបើកដំណើរការ នឹងអាចផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវអន្តរជាតិ និងក្នុងស្រុកបានប្រមាណ ៣៦ម៉ឺននាក់ក្នុង១ឆ្នាំ៕