លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រង IMF បានលើកឡើងថា ពិភពលោកនៅតែប្រឈមមុខនឹងសម្ពាធនៃការឡើងថ្លៃទំនិញចាំបាច់មួយចំនួន ពិសេសប្រេងឥន្ធនៈ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា កត់សម្គាល់ឃើញថា ការចំណាយលើការរស់នៅនៅលើពិភពលោកនៅតែស្ថិតក្នុងកម្រិកខ្ពស់ ស្របពេលដែលសេដ្ឋកិច្ចមានកំណើនយឺត ហើយបំណុលរបស់ពលរដ្ឋមានអត្រាកំណើនខ្ពស់។ ប្រជាពលរដ្ឋនៅលើពិភពលោកកំពុងមានអារម្មណ៍នឿយណាយនឹងការកើនឡើងលើថ្លៃចំណាយលើការរស់នៅប្រចាំថ្ងៃ ដែលចេះតែមានការកើនឡើង ហើយបញ្ហានេះកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋ។
អ្នកជំនាញរូបនេះបានលើកឡើងក្នុងសម្រង់សម្តីដើមថា៖«យើងទាំងអស់គ្នាកំពុងប្រឈមនឹងការរួមបញ្ចូលគ្នានូវបញ្ហាកំណើនសេដ្ឋកិច្ចយឺត និងកំណើននៃកម្រិតបំណុល ដែលមិនដឹងពេលណាមានភាពធូរស្រាល»។ តែយ៉ាងណាលោកស្រីបានអះអាងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងដំណើរការល្អគួរសម ប៉ុន្តែលោកស្រីព្រមានថា ការព្រួយបារម្ភនៅតែមាន។
ជាមួយគ្នានេះ មូលនិធីរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣,២% នៅឆ្នាំ២០២៤ នេះ មុនកើនឡើងបន្តិចដល់៣,៣% នៅឆ្នាំ២០២៥។ សម្រាប់ IMF បញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងគ្រោះមហន្តរាយធម្មជាតិ នៅតែជាបញ្ហាប្រឈមសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនានា នៅលើពិភពលោក៕
ដោយៈ សរ សុជាតិ