កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋាន ឌីមសាំ ថ្មីមួយ បានបើកទ្វារទទួលស្វាគមន៍អ្នកចូលចិត្តទទួលទានអាហារឌីមសាំ នៅរាជធានីភ្នំពេញ ជាមួយនឹងមហិច្ឆតាលើកកម្ពស់ស្តង់ដារចំណីអាហារ និងបង្ហាញថា ម៉ាកយីហោកម្ពុជាក៏អាចប្រកួតប្រជែងជាមួយម៉ាកយីហោអន្តរជាតិបានដែរ ។
KIN Bun House ដែលមានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅសេទុង ក្បែរស្តុបបូកគោ កណ្ដាលរាជធានីភ្នំពេញ ផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ម្ហូបអាហារជាមួយមិត្តភក្ដិនិងគ្រួសារ ។ នេះបើយោងតាមស្ថាបនិកនិងម្ចាស់ភោជនីយដ្ឋាន លោក ថានិសន សេថាស៊ុផាង ។ នៅជាប់នឹងភោជនីយដ្ឋាន KIN Bun House នេះតែម្ដង កាហ្វេ Best Coffee ក៏ត្រៀមខ្លួនបម្រើដល់អតិថិជន ខណៈពួកគេរីករាយទទួលទានអាហារ ឌីមសាំ ផងដែរ ។
លោក ថានិសន បានថ្លែងថា ៖ «នៅ KIN Bun House យើងជឿជាក់ថា អាហារគឺជាអ្វីមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារនិងមិត្តភក្ដិ និងបង្កើតបានជាចំណងមួយដែលស្ថិតស្ថេរយូរអង្វែង ។»
លោក ថានិសន ដែលមានឈ្មោះក្រៅហៅថា ‘Big’ កើតនៅក្នុងគ្រួសារដែលមានម្ដាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិថៃ ដែលបានប្រកបមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ ។
លោក Big បានបញ្ចប់ការសិក្សាពីសាលា Le Cordon Bleu ដែលជាសាលារៀនជំនាញម្ហូបអាហារដ៏ល្បីល្បាញមួយនៅលើពិភពលោក ។ យោងតាមលោក Big, ភោជនីយដ្ឋាន KIN Bun House មានអត្ថន័យជ្រាលជ្រៅណាស់ចំពោះរូបលោក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក ។
លោក Big លើកឡើងយ៉ាងដូច្នេះ «KIN គឺជាឈ្មោះម្ដាយរបស់ខ្ញុំ ហើយពាក្យ ‘kin’ នេះក៏មានន័យថា ‘គ្រួសារ’ ផងដែរ ។» «គ្រប់មុខម្ហូបដែលយើងដាក់នៅក្នុងម៉ឺនុយ យើងបានប្រើបេះដូងដើម្បីចម្អិននិងបង្កើតវាឡើង ។ មិនថាគុណភាពនៃម្ហូប រសជាតិ ឬការរៀបចំរចនាវាទេ គឺយើងសុទ្ធតែជ្រើសរើសយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីធ្វើឲ្យអតិថិជនពេញចិត្ត ។»
សហគ្រិនស្ត្រីលេចធ្លោមួយរូបនៅកម្ពុជា អ្នកស្រី ជា សុខលាង គឺជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ECO Great Mekong Solutions ។ អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីឧស្សាហ៍នាំឪពុកម្ដាយមកទទួលទានអាហារនៅភោជនីយដ្ឋាន KIN Bun House នេះណាស់ ។
អ្នកស្រី ជា សុខលាង បានពោលយ៉ាងដូច្នេះអំពី KIN Bun House ៖ «វាជាកន្លែងល្អបំផុតសម្រាប់ការជួបជុំអាហារពេលព្រឹកជាមួយគ្រួសារនិងមិត្តភក្ដិ ។ ខ្ញុំនាំប៉ាម៉ាក់មកទទួលទានអាហារនៅ KIN Bun House ជាញឹកញាប់ ប្រហែលពី ២ ទៅ ៣ដង ក្នុងមួយសប្ដាហ៍ ។ វាជាអាហារដែលងាយស្រួល និងមានសុខភាពល្អ ។ ហើយសេវាវិញ គឺល្អមែនទែន ។»
អ្នកស្រី សុខលាង បានបន្ថែមថា ៖ «ជារឿយៗ ពេលញ៉ាំហើយ ខ្ញុំតែងតែខ្ចប់ផ្ញើមិត្តភក្ដិ ផ្ញើបុគ្គលិកនៅការិយាល័យទៀត ។ ការវេចខ្ចប់គាត់ក៏ស្អាត ហើយនំមានរសជាតិក៏ឆ្ងាញ់ ។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការណែនាំឲ្យបងប្អូនមិត្តភក្ដិមកញ៉ាំអ្វីដែលឆ្ងាញ់ដូចយើងបានទទួលទានអ៊ីចឹងដែរ ។ បើអ្នកអញ្ជើញមក ខ្ញុំជឿថា អ្នកនឹងចូលចិត្តរសជាតិដ៏ពិសេស ឌីមសាំ នៅទីនេះ ។»
ភោជនីយដ្ឋានដែលមានទស្សនវិស័យដ៏មហិច្ឆតា
KIN Bun House មានគោលការណ៍ស្នូលដ៏គួរឲ្យចាប់អារម្មណ៍ ៖ គុណភាព ភាពងាយស្រួល និងតម្លៃធូរថ្លៃ ។ យោងតាមលោក Big ដែលជាម្ចាស់ភោជនីយដ្ឋាន លោកប្ដេជ្ញាធ្វើឲ្យអាហារឌីមសាំនៅ KIN Bun House មានគុណភាពតាមស្តង់ដារអន្តរជាតិ ប៉ុន្តែ តម្លៃវិញ គឺធូរថ្លៃដែលអ្នកណាៗក៏អាចទទួលទានបានដែរ ។
ភោជនីយដ្ឋាននេះមានផែនការដ៏មហិច្ឆតាមួយសម្រាប់អនាគត គឺចង់ប្រែក្លាយខ្លួនទៅជាម៉ាកយីហោក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ ដែលអាចលក់សិទ្ធិអាជីវកម្ម franchise បន្តទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ថែមទៀតផង ។
លោក Big បាននិយាយយ៉ាងដូច្នេះថា ៖ «អាជីវកម្ម franchise នៅកម្ពុជា កំពុងមានការពេញនិយមកាន់តែខ្លាំងឡើងៗ ។ Franchise ភាគច្រើនសុទ្ធតែមកពីបរទេស ។ គោលដៅរបស់យើង គឺកសាង KIN Bun House ឲ្យក្លាយជា franchise ក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិ ។»
«យើងវិនិយោគយ៉ាងច្រើនទៅលើការកសាងម៉ាកយីហោរបស់យើង ឲ្យមានស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនយើងសម្រាប់ការពង្រីកទៅតាមបណ្ដាខេត្តក្រុងធំៗនៅក្នុងស្រុក និងទៅកាន់ក្រៅស្រុក នៅពេលអនាគត ។» នេះជាការបន្ថែមរបស់លោក Big ។
ត្រៀមខ្លួនរួចស្រេចដើម្បីការបើកប្រទេសឡើងវិញ
នៅមុនពេលនៃការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩ វិស័យភោជនីយដ្ឋាននៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង ។ ហើយលោក Big ជឿជាក់ថា ភ្ញៀវទេសចរនិងវិនិយោគិនជាច្រើននឹងវិលត្រឡប់ចូលមកកម្ពុជាសាជាថ្មី នៅពេលដែលប្រទេសនេះបើកឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺឆ្លងអស់រយៈពេលជិត ២ឆ្នាំកន្លងមក ដោយសារតែកម្ពុជាមានអត្រាចាក់វ៉ាក់ឲ្យប្រជាជនរួចរាល់ខ្ពស់បំផុតនៅក្នុងតំបន់ ។
លោក Big និយាយថា នៅក្នុងភោជនីយដ្ឋាន KIN Bun House វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ហើយបុគ្គលិកទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវដែលនឹងអញ្ជើញមកច្រើនកុះករនាពេលខាងមុខ ។
លោក Big និយាយយ៉ាងដូច្នេះថា ៖ «នៅ KIN Bun House យើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ប្រៀបបីដូចជាពួកគាត់ជាមិត្តភក្ដិជិតដិតនិងជាសមាជិកក្រុមគ្រួសារយើង អ៊ីចឹងដែរ» ៕