កំណើនភ្ញៀវទេសចរនេះ ជាសញ្ញាដ៏ល្អមួយក្នុងការស្តារអាជីវកម្មដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ខណៈបច្ចុប្បន្នមានអាជីវកម្មទេសចរណ៍ក្នុងខេត្តនេះប្រមាណ៥០% នៅតែបន្តផ្អាកដំណើរការ។ ទោះយ៉ាងណា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុត្រូវបានវាយតម្លៃថា អាចនឹងមានការធ្លាក់ចុះបន្តិចវិញ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកកម្រៃសេវាសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុកត់សម្គាល់ឃើញថា ក្រោយក្រសួងសាធារណការ និងដឹកជញ្ជូនបើកផ្លូវល្បឿនលឿនឲ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្នដោយឥតគិតថ្លៃចាប់ពីដើមខែតុលាមក ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុមានការកើនឡើងយ៉ាងគំហុក។ ជាក់ស្តែង នៅក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១៣ម៉ឺននាក់បានមកកម្សាន្តនៅខេត្តមួយនេះ មានការកើនឡើងជាង១០០% បើធៀបនឹងសប្ដាហ៍កន្លងទៅ។ ក្នុងចំណោមភ្ញៀវទេសចរទាំងនេះមានភ្ញៀវទេសចរជាតិជាង១២ម៉ឺននាក់ កើនឡើងជាង១០០% និងភ្ញៀវទេសចរបរទេសជាង ៤ពាន់៤រយនាក់កើនឡើង៣៧%។
ដោយឡែក កាលពីថ្ងៃឈប់សម្រាប់ចុងសប្តាហ៍មុន ពោលគឺថ្ងៃទី ៨ -៩តុលា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១១ម៉ឺននាក់បានមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក្នុងនោះភ្ញៀវទេសចរបានទៅកម្សាន្តនៅតាមកោះមានជាង១ពាន់នាក់ កើនឡើងជាង៤៣% និងដើរកម្សាន្តតាមឆ្នេរ និងភោជនីយដ្ឋានមានការកើនឡើងប្រមាណ ១០០%។ ប៉ុន្តែបើតាមការគូសបញ្ជាក់របស់លោក តាំង សុចិត្រគ្រឹស្នា កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុនេះភាគច្រើនជាភ្ញៀវទេសចរផ្ទៃក្នុង ខណៈភ្ញៀវទេសចរចូលពីមកពីក្រៅប្រទេសមានចំនួនតិចតួចប៉ុណ្ណោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះជឿជាក់ថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុនឹងមានការកើនឡើងខ្លាំងនៅក្នុងខែតុលា ជាពេលដែលបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើផ្លូវល្បឿនលឿនដោយឥតគិតថ្លៃ។ ប៉ុន្តែភ្ញៀវទេសចរអាចនឹងថមថយមកវិញ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកកម្រៃសេវាសម្រាប់ការប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅខែវិច្ឆិកា ខាងមុខ។
មិនខុសគ្នាពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុនោះទេ លោក គឹម ប៊ុនធឿន អាជីវករលក់ម្ហូបអាហារម្នាក់នៅឆ្នេរអូឈើទាលក្នុងខេត្តនេះបានកត់សម្គាល់ឃើញថា គ្រប់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅតាមតំបន់មាត់ឆ្នេរមានភ្ញៀវទេសចរមកទទួលទានអាហារ និងគ្រឿងសមុទ្រពេញៗតែម្តងកាលពីចុងសប្តាហ៍មុន។ សម្រាប់លោក ប៊ុនធឿន កត្តាដែលជំរុញឲ្យខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ គឺដោយសារខេត្តមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង គួបផ្សំតំបន់ទេសចរណ៍មានភាពទាក់ទាញ និងស្រស់ស្អាត ក្រោយមានការរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍នានា។
បើតាមការគូសបញ្ជាក់របស់លោក តាំង សុចិត្រគ្រឹស្នា បច្ចុប្បន្នអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុប្រមាណ៥០% ដែលបានផ្អាកដំណើរកាលពីអំឡុងវិបត្តិកូវីដ-១៩ បានបើកដំណើការឡើងវិញ ខណៈ៥០%ទៀតនៅតែបន្តផ្អាក ឬបិទទ្វារអាជីវកម្ម។ ដូច្នេះតាមរយៈកំណើនភ្ញៀវទេសចរយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ វានឹងជួយជំរុញទឹកចិត្តឲ្យម្ចាស់អាជីវកម្មដែលបានផ្អាកដំណើរការទាំងនោះ ចាប់ផ្តើមគិតគូបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍រំពឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានចន្លោះពី១លាន៥សែននាក់ទៅ២នាក់នៅឆ្នាំ២០២២ ខណៈក្នុងរយៈពេលជិត៩ខែកន្លងទៅភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាមានជាង១លាន២សែននាក់៕