ក្រុមហ៊ុនយក្សជប៉ុន Toyota Motor បានប្រកាសថា នឹងបោះទុនវិនិយោគចំនួន១,៤៥ពាន់លានដុល្លារនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីបង្កើនការផលិតរថយន្តភីកអាប់ Tacoma ជំនាន់ក្រោយ សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក។ ប៉ុន្តែអនាគតជុំវិញឧស្សាហកម្មរថយន្តកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈដែលលោក ដូណាល់ ត្រាំ មានផែនការកំណត់ពន្ធគយចន្លោះពី១០% ទៅ២០% លើគ្រប់ទំនិញនាំចូលទាំងអស់ ព្រមទាំងដំឡើងពន្ធលើផលិតផលជាក់លាក់មួយចំនួនផងដែរ ជាពិសេសទំនិញចិនតែម្ដង។
ប្រធានាធិបតីអាម៉េរិក ទើបជាប់ឆ្នោតរូបនេះបានជ្រើសរើសជម្រើសដំឡើងពន្ធដោយមិនចាំបាច់ឆ្លងកាត់សភាតាមរយៈការអនុវត្តច្បាប់ ស្ដីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA)។ ក្រុមអ្នកជំនាញមើលឃើញថា អត្រាពន្ធគយខ្ពស់ទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំៗលក់ចេញរថយន្តរហូតដល់ទៅ១៥លានគ្រឿង ដែលជាចំនួនច្រើនបំផុតទី២ បន្ទាប់ពីប្រទេសចិន នាំចូលមួយចំនួនធំនៃរថយន្តទាំងនេះពីប្រទេសម៉ិកស៊ិក កាណាដា និងជប៉ុន ដែលនេះជាហេតុនឹងនាំឱ្យតម្លៃកើនឡើងកាន់តែខ្ពស់។
ហើយពន្ធគយទាំងនេះនឹងមិនគ្រាន់តែអនុវត្តចំពោះរថយន្តសម្រេចប៉ុណ្ណោះទេ ពោលគឺក៏នឹងអនុវត្តលើគ្រឿងបន្លាស់រថយន្តផងដែរ។ ក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA) បច្ចុប្បន្នប្រទេសម៉ិកស៊ិក នាំចូលគ្រឿងបន្លាស់រថយន្តចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដោយរួចពន្ធគយ។
តួលេខផ្លូវការបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ប្រទេសម៉ិកស៊ិក នាំចូល៤១%នៃគ្រឿងបន្លាស់រថយន្តទាំងអស់ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ ដោយសារតែភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បណ្ដាក្រុមហ៊ុនផលិតរថយន្តបានបង្កើនការទិញចូលគ្រឿងបន្លាស់ពីប្រទេសម៉ិកស៊ិក ជំនួសឱ្យប្រទេសចិន។ ប៉ុន្តែពេលនេះសូម្បីប្រទេសម៉ុកស៊ិក ក៏ប្រហែលជាប្រឈមនឹងហានិភ័យដែរ ដោយសាររបបពន្ធគយរបស់លោក ដូណាល់ ត្រាំ ក៏ព្រោះតែរបបពន្ធគយរបស់លោក ត្រាំ មិនអនុវត្តតែចំពោះរថយន្តសម្រេចប៉ុណ្ណោះទេ ប៉ុន្តែក៏អនុវត្តលើគ្រឿងបន្លាស់រថយន្តនាំចូលពីប្រទេសម៉ិកស៊ិកផងដែរ៕
ដោយ: តែម សុខុម