ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្លាក់ចុះកាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានអំពីការធ្លាក់ចុះនៃប្រាក់ចំណេញ និងដោយសារតែព័ត៌មានអំពីការពិចារណាបិទរោងចក្រផលិតរថយន្ត Audi នៅទីក្រុងប្រ៊ុចសែល។ ក្រុមហ៊ុន Volkswagen បានអះអាងថា បរិមាណនៃការចែកចាយរថយន្តដែលរត់ដោយប្រព័ន្ធមេកានិចចំហេះនៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ២០% ស្របពេលដែលប្រទេសចិន កំពុងដាក់គោលដៅឆ្ពោះទៅរកទីផ្សាររថយន្តអគ្គិសនី។
ក្រុមហ៊ុន Volkswagen បាននិយាយថា ខ្លួនកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងដ៏លំបាកនៅក្នុងទីផ្សារប្រទេសចិន ស្របពេលដែលក្រុមហ៊ុននៅក្នុងស្រុកមួយចំនួនបានសម្រេចទម្លាក់ថ្លៃរហូតដល់ទៅ៥០%។
នៅក្នុងស្ថានភាពនេះក្រុមហ៊ុនបានបន្ទាបកម្រិតនៃការព្យាករណ៍អំពីប្រាក់ចំណេញប្រចាំឆ្នាំ ២០២៤ ពី៧ ទៅ៧,៥% មកនៅមកត្រឹមពី៦,៥ ទៅ៧%ប៉ុណ្ណោះ ហើយបាននិយាយថា ម៉ាកយីហោ Audi កំពុងពិចារណាបិទរោងចក្រនៅទីក្រុង ប្រ៊ុចសែល ដែលមានបុគ្គលិកប្រហែល ៣ពាន់នាក់ ដោយសារតែតម្រូវការទាបសម្រាប់រថយន្តអគ្គិសនីកម្រិតខ្ពស់របស់ខ្លួន។
ក្រុមហ៊ុន Volkswagen បានបង្កើតឡើងតាំងតែពីឆ្នាំ១៩៣៧ ហើយបានកសាងយីហោរថយន្តនេះក្លាយជារថយន្តដ៏ល្បីមួយនៅលើពិភពលោក ខណៈដែល Audi ជាយីហោរថយន្តប្រណីតមួយដែលបង្កើតនៅក្នុងឆ្នាំ១៩០៩ ហើយបានរួមបញ្ចូលជាមួយនឹង Volkswagen កាលពីឆ្នាំ១៩៦៩៕
ដោយៈ សរ សុជាតិ