បើតាម លោក Daniel Maffei ប្រធានគណៈកម្មការសហព័ន្ធសមុទ្រអាមេរិក បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំទ្វេភាគីលើកទី ៥ នៃ កិច្ចប្រជុំកំពូលបទបញ្ញត្តិសកល នេះ បានផ្តល់ឱកាសឲ្យ អាជ្ញាធរសំខាន់ៗ ដែលទទួលបន្ទុកត្រួតពិនិត្យជំនួញដឹកជញ្ជូនកុងតឺន័រ បានចែករំលែកនូវ លទ្ធផលត្រួតពិនិត្យរៀងៗខ្លួន និងការអនុវត្តច្បាប់នៅលើទីផ្សាររបស់ពួកគេ ដើម្បីប្រៀបធៀបសេចក្តីសន្និដ្ឋានចុងក្រោយ។
បញ្ហាជារួមគឺទាក់ទងទៅនឹង សមត្ថភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ ក្នុងការបំពេញតម្រូវការទៅតាមសេវាកម្មរបស់ពួកគេ និងការកើនឡើងថ្លៃខុសធម្មតា សម្រាប់ការចំណាយដឹកជញ្ជូនតាមកុងតឺន័រ ដែលធ្វើឲ្យប៉ះពាល់ដល់ និយ័តករ រដ្ឋាភិបាល និងសាធារណជន។
កិច្ចប្រជុំធ្វើឡើងបន្តាប់ពី អ្នកជំនួញអាមេរិក មានការព្រួយបារម្ភថា នឹងនៅតែបន្ដមានបញ្ហាកកស្ទះកុងតឺន័រ នៅតាមកំពង់ផែសំខាន់ៗជាច្រើននៅលើពិភពលោក ពិសេសរដូវកាលដឹកជញ្ជូនទំនិញរវល់ខ្លាំងបំផុត ក៏កាន់តែចូលកៀកមកហើយដែរ។
ការកើនឡើងនូវតម្លៃដឹកជញ្ជូនខ្ពស់កប់ពពក គួបផ្សំនឹងតម្រូវការដឹកជញ្ជូនតាមផ្លូវសមុទ្រកើនឡើងខ្លាំង បានដាក់សម្ពាធឲ្យ អ្នកតាក់តែងច្បាប់នៃប្រទេសនីមួយៗ ចាប់ផ្តើមពង្រឹងអំណាចទីផ្សារដឹកជញ្ជូនឡើងវិញ តាមរយៈការធ្វើកំណែទម្រង់ច្បាប់ដឹកជញ្ជូន។
នៅក្នុងកិច្ចប្រជុំកំពូលបទបញ្ញត្តិសកលនេះដែរក៏បានជជែកអំពីបញ្ហាសំខាន់ចំនួន ៣ រួមមាន ការអភិវឌ្ឍវិស័យដឹកជញ្ជូនចាប់តាំងពីមានបញ្ហាមេរោគកូវីដ១៩, វិធានការដាក់ចេញដោយអាជ្ញាធរពាក់ព័ន្ធ និង សកម្មភាពបន្ថែម ដើម្បីបង្កើនភាពធន់ និង ដំណើរការរលូនក្នុងវិស័យដឹកជញ្ជូន៕អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍