បើផ្អែកទៅលើតម្រូវការទីផ្សារក្នុងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរគឺប្រទេសអាមេរិក និងចិន សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គេរំពឹងថា វៀតណាមនឹងនាំមុខគេក្លាយជាអ្នកស្តារឡើងវិញ តាមរយៈការនាំចេញទំនិញ និង តាមពីក្រោយដោយប្រទេសម៉ាឡេស៊ី។
ចំណែកឯ មជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់មួយទៀត គឺ សិង្ហបុរី ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Oxford វាយតម្លៃនៅក្នុងរបាយការណ៍មួយថា នឹងទទួលបានអត្ថប្រយោជន៍ធំធេងពីវិស័យនាំចេញទៅក្រៅប្រទេសផងដែរ។
នៅក្នុងរបាយការណ៍សកលវិទ្យាល័យ Oxford គូសបញ្ជាក់ទៀតថា ប្រទេសទាំងបីខាងលើ មានដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី នឹងមានកំណើនខ្លាំងលើតម្រូវការរយៈពេលខ្លី។ តម្រូវការរយៈពេលខ្លី គឺ សំដៅដល់ តម្រូវការផលិតផលដែលកំពុងខ្វះខាតខ្លាំង និងមានតម្រូវការប្រើប្រាស់ខ្ពស់ ជាក់ស្តែងដូចជា ឧបករណ៍អេឡិចត្រូនិក, បន្ទះឈីប និងជាពិសេសគឺសម្ភារបរិក្ខារពេទ្យដែលកំពុងត្រូវខ្លាំងជារៀងរាល់ថ្ងៃអំឡុងពេលវិបត្តិកូវីដ១៩។
គួរជម្រាបថា សាកលវិទ្យាល័យ Oxford ផ្នែកសេដ្ឋកិច្ច ទើបតែបានផ្តល់ចំណាត់ថ្នាក់ឲ្យវៀតណាម និង ម៉ាឡេស៊ី ថា ជាទិសដៅដ៏ទាក់ទាញជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសផ្តោតលើការនាំចេញ។
ទន្ទឹមនឹងនេះ ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឺងថា នឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីតម្រូវការគ្រឿងអេឡិចត្រូនិច ស្របពេលដែលសិង្ហបុរីវិញ នឹងទទួលបានផលចំណេញច្រើនពីការដឹកជញ្ជូន និង នាំចេញបរិក្ខារសម្រាប់ទប់ទល់នឹងកូវីដ១៩ ដោយហេតុថា សិង្ហបុរីមានកំពង់ផែដ៏សំខាន់របស់ខ្លួន។
របាយការណ៍ពីសាកលវិទ្យាល័យ Oxford ដដែល បានព្រមានដល់ប្រទេសពីរផ្សេងទៀតក្នុងតំបន់អាស៊ាន គឺ ឥណ្ឌូនេស៊ី និង ហ្វីលីពីនថា អាចនឹងបាត់បង់ការប្រកួតប្រជែងផ្នែកផលិតកម្ម ដោយសារតែប្រទេសទាំងពីរនេះ នៅខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និង លក្ខខណ្ឌវិនិយោគនៅមានកម្រិតនៅឡើយ។
សូមបញ្ជាក់ថា មូលហេតុដែលប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង៦នៅតំបន់អាស៊ានដូចជា វៀតណាម ថៃ សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន អាចឈានជើងចូលក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោកបាន ក៏ដោយសារតែថ្លៃដើមផលិតនៅក្នុងប្រទេសចិន ដែលធ្លាប់ជាទិសដៅវិនិយោគសំខាន់មួយ មានការកើនឡើងជាបន្តបន្ទាប់។ យ៉ាងណាមិញ របាយការណ៍បានសន្និដ្ឋានថា ការនាំចេញនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ានទាំង៦ក៏ពិតមែន ប៉ុន្តែកំណើននឹងមិនមានភាពស្មើគ្នានោះទេ ដោយសារតែហ្វីលីពីន និង ឥណ្ឌូនេស៊ី នៅមានភាពខ្វះចន្លោះនៅឡើយ។ នៅក្នុងរបាយការណ៍ពីសាកលវិទ្យាល័យ Oxford មិនបានបញ្ជាក់ពីប្រទេសកម្ពុជាយើងនោះទេ៕