វិស័យហិរញ្ញវត្ថុ

ការស្ទង់មតិរកឃើញថា បន្ទុកបំណុលរបស់អាម៉េរិក ក្លាយជាហានិភ័យធំបំផុតចំពោះស្ថិរភាពហិរញ្ញវត្ថុ


ការស្ទង់មតិរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា បន្ទុកបំណុលរបស់រដ្ឋាភិបាលអាម៉េរិក នៅពេលនេះក្លាយជាហានិភ័យធំបំផុតចំពោះស្ថិរភាពហិរញ្ញវត្ថុ ពោលគឺគួរឱ្យព្រួយបារម្ភខ្លាំងជាងអតិផរណាដ៏អូសបន្លាយទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរដ៏ល្បីល្បាញ Bloomberg។
វិស័យហិរញ្ញវត្ថុ
ដោយ

ធនាគារកណ្ដាលអាម៉េរិក បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំរបស់ខ្លួនថា ការព្រួយបារម្ភដ៏ធំបំផុតនៅក្នុងការស្ទង់មតិរបស់ខ្លួន គឺបំណុលសារពើពន្ធរបស់សហរដ្ឋអាម៉េរិក បន្ទាប់មកគឺការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៃគោលនយោបាយ។

របាយការណ៍នេះរួមបញ្ចូលផងដែរ នូវការស្ទង់មតិដោយបុគ្គលិកធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក ដែលធ្វើឡើងពីខែសីហា ដល់ខែតុលា និងការវាយតម្លៃរបស់ធនាគារកណ្ដាលអាម៉េរិក អំពីហានិភ័យលើ៤ចំណុចសំខាន់ៗ រួមមានទី១, តម្លៃទ្រព្យសកម្ម ទី២, ការខ្ចីបុលពីសំណាក់អាជីវកម្ម និងគ្រួសារ ទី៣, ការខ្ចីបុលដើម្បីបង្កើនទុនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ និងទី៤ ហានិភ័យហិរញ្ញប្បទាន។

ពេលនេះជាងពាក់កណ្តាលនៃអ្នកឆ្លើយនៅក្នុងការស្ទង់មតិខាងលើនេះ ពោលគឺស្មើនឹង៥៤% មើលឃើញថា និរន្តរភាពនៃបំណុលសារពើពន្ធជាហានិភ័យធំចម្បង ដោយកើនឡើងពី៤០% បើធៀបនឹង៦ខែមុន។ ការស្ទង់មតិដដែលក៏បានរកឃើញដែរថា ការបោះផ្សាយមូលបត្របំណុលបន្ថែមទៀតរបស់ក្រសួងរតនាគារអាម៉េរិក អាចនឹងកាត់បន្ថយការវិនិយោគឯកជន និងធ្វើឱ្យជម្រើសប្រើប្រាស់គោលនយោបាយមានកម្រិតក្នុងករណីសេដ្ឋកិច្ចដាំក្បាលចុះ។

ធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា វិស័យធនាគារពេលនេះ​មានស្ថិរភាព ដោយមានដើមទុនរឹងមាំ និងសន្ទនីយភាព ឬសាច់ប្រាក់ងាយស្រួលខ្ពស់។ ទោះជាយ៉ាងណា នៅក្នុងបណ្ដាទីផ្សារហិរញ្ញវត្ថុ តម្លៃទ្រព្យសកម្មនៅតែខ្ពស់ សន្ទនីយភាពទាប ហើយការខ្ចីទុនដើម្បីបង្កើនការវិនិយោគមានកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៣ មក។

ធនាគារកណ្តាលអាម៉េរិក ក៏បានកត់សម្គាល់ផងដែរថា បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកំពុងប្រឈមមុខនឹងការធ្លាក់ចុះសាច់ប្រាក់ងាយស្រួលដោយសារការកើនឡើង នៃការប្រើប្រាស់ការវិនិយោគ​ផ្សេងៗ​ដែល​កាន់​តែ​សម្បូរបែប​។ ងាកទៅបំណុលគ្រួសារវិញ ធនាគារកណ្ដាលអាម៉រិក បានរកឃើញថា ការខកខានទូទាត់ ឬទូទាត់យឺតយ៉ាវនូវបំណុលប័ណ្ណឥណទាន និងកម្ចីទិញរថយន្តក៏បានកើនឡើងខ្ពស់ជាងធម្មតាផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ត្រូវបានគេព្យាករថា នឹងឡើងដល់៣៦ពាន់លានដុល្លារនៅឆ្នាំនេះ

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនដល់ទំហំ៣៦ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ មានការកើនឡើង១៦% បើធៀបនឹងឆ្នាំ២០២៣។ តាមរយ…

ចិននឹងអនុញ្ញាតឱ្យជនជាតិជប៉ុន និងអឺរ៉ុបមួយចំនួនចូលប្រទេសខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ

ស្របពេលខ្លួនកំពុងរងសម្ពាធនឹងសង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយនឹងសហរដ្ឋអាម៉េរិក ចិនគ្រោងបើកប្រទេសទទួលជនជាតិជប៉ុន និងបណ្តាជនជាតិអឺរ៉ុបមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ