យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅថ្ងៃពុធទី០១ខែធ្នូ ក៏ទើបតែបានប្រកាសរកឃើញអ្នកវិជ្ជមាន កូវីដ១៩បំប្លែងថ្មី អូមីក្រុងករណីដំបូង នៅក្នុងទឹកដីរបស់ខ្លួនផងដែរ ដែលកំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើងសម្រាប់សហរដ្ឋអាមេរិក ខណៈប្រទេសមហាអំណាចមួយនេះទើបតែបានបើកប្រទេសឡើងវិញជាបណ្ដើរៗ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង លើកដំបូងរបស់ខ្លួន លើប្រជាជនអាមេរិកាំងម្នាក់រស់នៅរដ្ឋ ខាលីហ្វ័រញ៉ា ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូងវិញកាលពីថ្ងៃទី២២ ខែវិច្ឆិកា។
លទ្ធផលអ្នកជំងឺបានបង្ហាញរោគសញ្ញាក្នុងកម្រិតស្រាលនៅឡើយ ហើយកំពុងដាក់ឲ្យព្យាបាលដាច់ដោយឡែក។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី មន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិក បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធទី ០១ ខែធ្នូ។
ក្រោយរកឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មី អូមីក្រុងដំបូង សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើអ្នកដំណើរដែលហោះហើរចេញពីប្រទេសមួយចំនួននៅភាគខាងត្បូងទ្វីបអាហ្វ្រិក។ ជាក់ស្តែង មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានស្នើសុំឈ្មោះ និង ទិន្នន័យអ្នកដំណើរ ពីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅក្នុងស្រុក ដើម្បីតាមដានរកមើលអ្នកដំណើរពីតំបន់អាហ្វ្រិកទាំងនោះ។
បើក្រឡេកមើល ប្រទេសអាហ្វ្រិកខាងត្បូងជាទីកន្លែង អូមីក្រុង ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងវិញឃើញថា មេរោគដ៏គួរឲ្យព្រួយបារម្ភមួយនេះ កំពុងឈានដល់ការឆ្លងរាតត្បាតគ្របដណ្តប់ពាសពេញផ្ទៃប្រទេសទៅហើយ។
វិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងរបស់អាហ្វ្រិកខាងត្បូង បានឲ្យដឹងថា ៧៤%នៃសំណាក ដែលគេប្រមូលបានចាប់ពីថ្ងៃទី៨វិច្ឆិកា គឺត្រូវបានរកឃើញប្រភេទមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ ជាមួយគ្នានេះ ករណីឆ្លងប្រចាំថ្ងៃនៅអាហ្វ្រិកខាងត្បូង មានកំណើនទ្វេដង បើគេរាប់ពីថ្ងៃអង្គារ មកថ្ងៃដល់ពេលនេះ។
សូមជម្រាបថា
កូវីដ១៩បំប្លែងខ្លួនអូមីក្រុង ត្រូវបានអង្គការសុខភាពពិភពលោកកំណត់ជាប្រភេទមេរោគបំប្លែងខ្លួនដែលមានកម្រិតឆ្លងខ្លាំងគួរឲ្យព្រួយបារម្ភ។
តាមការអះអាងពីអ្នកជំនាញរបស់WHO គេមិនទាន់មានទិន្នន័យណាមួយដែលកំណត់បានច្បាស់ពីកម្រិតគ្រោះថ្នាក់
និងល្បឿនចម្លងរបស់វានៅឡើយទេ ដោយគេគ្រាន់តែអាចសន្និដ្ឋានជំហានដំបូងបានថា
អូមីក្រុងទំនងជាខ្លាំង អាចគេច និងយកឈ្នះលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស
ហើយទំនងជាអាចមានសមត្ថភាពចម្លងខ្លាំងទៀតផង។ ប៉ុន្តែ
អ្នកជំនាញផ្នែករោគរាតត្បាតរបស់អង្គការសុខភាពពិភពលោក លោកស្រី ម៉ារីយ៉ា
វ៉ាន់ ឃឺកហូវ (Maria van Kerkhove) បានប្រាប់សន្និសីទសារព័ត៌មានថា
ទិន្នន័យអំពីឥទ្ធិពល និង ល្បឿនចម្លងរបស់អូមីក្រុង
អាចចេញផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕