អតិផរណាអាមេរិក

អតិផរណានៅអាមេរិកស្ថិតក្នុងកំរិតខ្ពស់ ទោះធនាគារកណ្តាលដំឡើងអត្រាការប្រាក់គោលច្រើនដងយ៉ាងណាក្តី


តម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានបន្តកើនឡើងថែមទៀត ក្នុងខែសីហា ដែលវាជារឿងមិននឹកស្មានដល់មួយ ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទប់ទល់ រាប់ចាប់ពីការដំឡើងអត្រាការប្រាក់គោលជាច្រើនលើកច្រើនសារក្ដ៏។ ថ្មីៗនេះទៀតសោតធនាគារកណ្តាលរដ្ឋសហព័ន្ធកំពុងពិចារណាលើការដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមនៅសប្តាហ៍ក្រោយ។ អតិផរណាកើនឡើងលឿនចំ ពេលថ្លៃឈ្នួលជួលផ្ទះក៏កើនឡើង និងការថែទាំសុខភាពក៏ត្រូវចំណាយច្រើនជាងមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អត្រាអតិផរណានៅអាមេរិកស្ថិតក្នុងកំរិតខ្ពស់ដដែល!
ដោយ

កាលពីថ្ងៃទី ១៣ ខែកញ្ញា នាយកដ្ឋានការងារអាមេរិក បានបញ្ចេញទិន្នន័យតម្លៃទំនិញប្រើប្រាស់(CPI) មានអត្រា ៨,៣%ក្នុងខែសីហា ធ្លាក់ចុះតិចតួចបំផុតពីខែកក្កដាដែលមាន ៨,៥%។ កំណើនទាំងនេះនៅតែស្ថិតក្នុងអត្រាខ្ពស់មួយក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយដដែល ដោយវាមិនបានធ្លាក់ចុះតាមអ្វីដែលគេចង់បាន ពិសេសការខិតខំដាក់ចេញវិធានការដំឡើងអត្រាការប្រាក់គោលជាច្រើនលើកច្រើនសារ។ ទោះយ៉ាងណា ធនាគារកណ្តាលរដ្ឋសហព័ន្ធអាមេរិក ទំនងជាបង្កើនអត្រាការប្រាក់គោល ៧៥ពិន្ទុទៀត ឬស្មើនឹង ០,៧៥% នៅថ្ងៃទី២១ខែកញ្ញា ធ្វើយ៉ាងទម្លាក់អតិផរណាមកទាបជាងនេះទៀត។

វាជារឿងគួរភ្ញាក់ផ្អើលមួយដែរ ដែលអតិផរណានៅអាមេរិកនៅតែមានកំរិតខ្ពស់ ពិសេសនៅក្នុងពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកបាននិងកំពុងធូរស្រាល នាវាតាមកំពង់ផែនានាក៏លែងកកស្ទះដូចមុន។ បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់នេះ ធ្លាប់បានរួមចំណែកដល់ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ចាប់ពីដើមឆ្នាំនេះមកម្ល៉េះ។ ជាមួយនឹងទីផ្សារការងារដែលមានភាពធន់ កំណើនប្រាក់ឈ្នួលក៏មានភាពរឹងមាំជាងមុនក្ដី នៅតែមិនអាចជួយស្តារវិបត្តិអតិផរណានៅអាមេរិកបានដដែល។

បើតាមនាយកដ្ឋានការងារអាមេរិក ការដែលអត្រាអតិផរណានៅតែមានកំរិតខ្ពស់ ទោះវិស័យមួយចំនួនបានធូរស្រាល ក៏ដោយសារតែតម្លៃម្ហូបអាហារ ការស្នាក់នៅ ការថែទាំងសុខភាព បង់ថ្លៃអគ្គិសនី និងថាមពល សុទ្ធតែមានតម្លៃខ្ពស់ដដែល ហើយទាំងនេះសុទ្ធសឹងតែជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ជាក់ស្តែង តម្លៃម្ហូបអាហារបានកើនឡើង ០,៨%ទៀតនៅក្នុងខែសីហា ធ្វើឱ្យតម្លៃម្ហូបអាហាររយៈពេល៨ខែឆ្នាំនេះបានកើនឡើង ១១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលីឆ្នាំមុន ដែលជាការកើនឡើងដ៏ខ្ពស់បំផុតក្នុងចន្លោះពេល ១២ខែ រាប់ចាប់តាំងពីឆ្នាំ១៩៧៩។

ជាថ្មីម្តងទៀត របាយការណ៍តម្លៃអ្នកប្រើប្រាស់ក្នុងខែសីហានេះ កំពុងធ្វើឱ្យប្រធានាធិបតិអាមេរិក លោកចូ បៃឌិន ឈឺក្បាលវិលមុខ រកវិធីដោះស្រាយមិនត្រូវ។ ក្តីសង្ឃឹមក្នុងការបន្តក្តោបសម្លេងភាគច្រើននៅក្នុងសភាអាមេរិករបស់បក្សប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា មានកាន់តែតិចដូចគ្នា។ វាទំនងជាសបញ្ជាក់ពីអសមត្ថភាពរបស់លោកបៃឌិន ដែលមិនអាចដោះស្រាយបញ្ហាអតិផរណាបាន ក្រោយអត្រាអតិផរណាស្ថិតនៅខ្ទង់រង្វង់៨% អស់ពេល៦ខែជាប់ៗគ្នារួចមកហើយ។

យ៉ាងណាមិញ ប្រធានាធិបតីរូបនេះនិយាយថា លោកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយឱ្យអតិផរណាធ្លាក់ចុះវិញ។ លោកបានលើកឡើងដដែលជាដដែលអំពីច្បាប់កាត់បន្ថយអតិផរណាដែលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមនៃការថែទាំសុខភាព ថ្នាំសង្កូវ និងថ្លៃថាមពល ដែលសំដៅកាត់បន្ថយបន្ទុករបស់គ្រួសារនៅអាមេរិក៕




អត្ថបទបន្ទាប់


ប្រធាន IMF ប្រាប់ឲ្យចិន និងប្រទេសម្ចាស់បំណុលផ្សេងៗទៀត ត្រូវតែជួយការពារ កុំឲ្យស្ថានភាពបំណុលផ្ទុះបែក

ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី ១៣ ខែសីហា បាននិយាយប្រាប់ទៅកាន់ប្រទេសចិន និងប្រទេសម្ចាស់បំណុលធំៗជាថ្មីម្ដងទៀតថា ត្…

ទ័ពអ៊ុយក្រែនវាយយកបានទឹកដីមកវិញកាន់តែច្រើន ខណៈអាមេរិកមើលឃើញរឿងនេះថាជាជោគជ័យ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការប្រកាសអំពីជោគជ័យជាបន្តបន្ទាប់របស់កងទ័ពអ៊ុយក្រែន និងដែលត្រូវយកមកចុះផ្សាយព្រោងព្រាតក្នុងសារព័ត៌ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ