រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ បានប្រាប់អ្នកយកព័ត៌មានថា ឥលូវនេះក្រុមការងារកំពុងស៊ើបអង្កេត និងប្រមូលព័ត៌មានពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ចិន ដើម្បីត្រៀមដាក់ក្រុមហ៊ុនទាំងនោះ ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក។ លោកស្រីបន្តទៀតថា បច្ចុប្បន្នការស៊ើបអង្កេតសម្រេចបានពាក់កណ្តាលនៃនិតិវិធីហើយ។
ការដាក់សម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្មរបស់អាមេរិកទៅលើចិន មិនបានបង្ហាញពីសញ្ញាថមថយនោះទេ ទោះបីជាសហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋការរបស់លោក ចូ បៃឌិនក៏ដោយ ពោលភាពតានតឹងរវាងយក្សសេដ្ឋកិច្ចទាំងពីរ មិនបានធូរស្រាលសោះឡើយ ចាប់តាំងពីររដ្ឋការរបស់លោក ដូណាល់ ត្រាំមកម្ល៉េះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកនិយាយថា ពីពេលនេះអាមេរិកនឹងមិនមានការបន្ធូរបន្ថយទណ្ឌកម្មណាមួយឡើយ មានតែការបន្តបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនច្រើនជាងមុនទៅទៀត។ ការលើកឡើងបែបនេះ ក៏ដោយសារតែលោកស្រី ជីណា កត់សម្គាល់ថា ចិនមិនបាននៅស្ងៀមនោះទេ។ ដោយក្រុមហ៊ុនចិនជាច្រើនកំពុង ស្វែងរកវិធីសាស្ត្រ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដូចជាទៅបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ ដែលមានប្រភពចេញពីក្រុមហ៊ុនដើមដែលស្ថិតក្នុងបញ្ជីខ្មៅរួចទៅហើយនោះ។
គួររំឭកថា អំឡុងរដ្ឋបាលលោកដូណាល់ ត្រាំ អាមេរិកបានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ដោយបានបញ្ចូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ផងដែរចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ ២០១៩។ ក្រោយមកបានបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក (Drone) របស់ចិន DJI បន្ថែមទៀតក្នុងឆ្នាំ ២០២២ផងដែរ។
ចូលមកដល់ រដ្ឋបាលលោកបៃឌិន អាមេរិកបានបន្ដពង្រីកគោលនយោបាយប្រឆាំងប៉េកាំងនេះបន្ថែមទៀត ដោយនៅក្នុងខែវិច្ឆិកា វ៉ាស៊ីនតោនបានសម្រេចដាក់ក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនទៀតនៅក្នុងបញ្ជីខ្មៅ ក្រោមហេតុផលថា ក្រុមហ៊ុនទាំងនេះបង្កបញ្ហាដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់អាមេរិក តាមរយៈការប្រមូលទិន្នន័យ និងផ្តល់ជំនួយរបស់ពួកគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាចិន។
ទោះយ៉ាងណា ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយជារឿយៗថា សហរដ្ឋអាមេរិក ប្រើលេសសន្តិសុខជាតិ និងប្រើអំណាចរដ្ឋដើម្បីគាបសង្កត់ និងរឹតបន្តឹងសហគ្រាសរបស់ចិនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕