បើទោះបីជា ការវាយតម្លៃរបស់ចារកម្មអាមេរិករកឃើញថា រុស្ស៊ីកំពុងត្រៀមខ្លួនឈ្លានពានអ៊ុយក្រែនពេញទីក៏ពិតមែន ប៉ុន្ដែ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើផែនការឈ្លានពាននេះ ពិតជាត្រូវបានសម្រេចចិត្តដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាល់ឌីមៀ ពូទីន រួចហើយ ឬក៏នៅនោះទេ។
មន្ត្រីជាន់ខ្ពស់អាមេរិក បានព្រមានទៅកាន់សមាជិកសភាអាមេរិកថា ការប្រមូលផ្ដុំទ័ពរបស់រុស្ស៊ីកំពុងកើនឡើងក្នុងចំនួនមួយ ដែលអាចឲ្យលោកពូទីន ចូលឈ្លានពានពេញទីតែម្ដងនៅក្នុងប្រទេសអ៊ុយក្រែន ដោយកម្លាំងទ័ពរស្ស៊ីនៅតំបន់ព្រំដែនអ៊ុយក្រែនត្រូវបានរំពឹងថា នឹងកើនដល់១៥ម៉ឺននាក់នៅពាក់កណ្ដាលខែកុម្ភៈនេះ។
បើទោះជាយ៉ាងណា រុស្ស៊ីបានចេញមុខអះអាងជាច្រើនលើកច្រើនសារមកហើយថា ខ្លួនមិនមានផែនការឈ្លានពានអ៊ុយក្រែននោះទេ ហើយរុស្ស៊ីបានចោទប្រកាន់អាមេរិកវិញថា កំពុងរុញឲ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
ទោះជាបែបនេះក្ដី តាមការព្យាករទុករបស់ក្រុមមន្ត្រីអាមេរិក បានឲ្យដឹងថា ប្រសិនបើក្រុងម៉ូស្គូជ្រើសរើស យកការវាយប្រហារទាំងស្រុងទៅលើប្រទេសអ៊ុយក្រែន កម្លាំងឈ្លានពាននេះ អាចដណ្ដើមយករដ្ឋធានី កៀវ និងផ្ដួលរំលំរដ្ឋាភិបាលលោក វ៉ូលឡូឌីមៀ សែលែនស្កាយ (Volodymyr Zelensky) នៅក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។ តាមការប៉ាន់ស្មានពីក្រុមមន្ត្រីអាមេរិក ការវាយប្រហារអាចនឹងធ្វើឲ្យជនស៊ីវិលយ៉ាងហោចណាស់ ២ម៉ឺន៥ពាន់នាក់ ទៅ ៥ម៉ឺននាក់ស្លាប់បាត់បង់ជីវិត រួមជាមួយនឹងទាហានអ៊ុយក្រែនយ៉ាងហោចណាស់៥ពាន់ ទៅ២ម៉ឺន៥ពាន់នាក់អាចនឹងត្រូវស្លាប់ និងទាហានរុស្ស៊ីអាចនឹងស្លាប់ប្រហែល៣ពាន់ ទៅ១ម៉ឺននាក់ផងដែរ។
ករណីសង្គ្រាមផ្ទុះឡើងមែននោះ ក៏នឹងមានលំហូរជនភៀសខ្លួនប្រហែល ១ ទៅ៥លាននាក់ និងភាគច្រើននឹងត្រូវភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក៏បានបញ្ជូនកងកម្លាំងអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីការពារសមាជិកអង្គការណាតូផងដែរ ខណៈដែលអ្នកការទូត ក៏កំពុងធ្វើការយ៉ាងក្ដៅគគុក ដើម្បីព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យដកទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ព្រំដែនអ៊ុយក្រែន៕