លោក ម៉ាកូស ត្រូវទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ។ មន្ត្រីហ្វីលីពីនបាននិយាយថា ទស្សនកិច្ចនេះមានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងពិសេសរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែង។ ឧត្ដមមន្ត្រីសហរដ្ឋអាមេរិកខាងលើបាននិយាយថា នៅពេលដែលលោក ម៉ាកូស កំពុងស្វែងរកទំនាក់ទំនងល្អទាំងជាមួយប្រទេសចិន ទាំងជាមួយសហរដ្ឋអាមេរិក, រដ្ឋាភិបាលហ្វីលីពីនមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីទំនាក់ទំនងការទូតបែប«បង្កហេតុ»ប្រព្រឹត្តដោយរដ្ឋាភិបាលចិន ហើយក៏ខិតខំស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តនានា។យោងតាមក្រុមអ្នកជំនាញ រដ្ឋាភិបាលសហរដ្ឋអាមេរិកមើលឃើញថា ប្រទេសហ្វីលីពីនជាទីតាំងប្រកបដោយសក្តានុពល សម្រាប់ប្រព័ន្ធរ៉ុក្កែត កាំជ្រួច និងកាំភ្លើងធំ ដើម្បីទប់ទល់ការឈ្លានពានតាមផ្លូវទឹករបស់ចិនលើកោះតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន៕
អត្ថបទ៖ ឯម មាឃ