លោកត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា «កិច្ចពិភាក្សាពាណិជ្ជកម្មនឹងនៅតែបន្ដ ហើយអំឡុងកិច្ចពិភាក្សានោះ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមដាក់បន្ថែមពន្ធគយ១០% ចាប់ពីថ្ងៃទី ០១ កញ្ញាតទៅ ទៅលើទំនិញចិនប្រមាណ ៣០០ ពាន់លានដុល្លារ ដែលនាំចូលមកកាន់ប្រទេសរបស់យើង»។
បន្ថែមពីនេះ លោកត្រាំ ក៏បានគូសបញ្ជាក់ទៀតថា «សហរដ្ឋអាមេរិក នឹងនៅតែបន្ដកិច្ចពិភាក្សាជាវិជ្ជមានរបស់យើង ជាមួយនឹងចិន ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ»។
បើតាមលោកប្រធានាធិបតីអាមេរិក ការដំឡើងពន្ធនេះ អាចនឹងធ្វើឡើងទៅតាមដំណាក់កាល ដែលអាចនឹងកើនឡើងដល់ទៅលើស២៥% ឯណោះ។
កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននៅក្នុងទីក្រុងសៀងហៃ នាពេលថ្មីៗនេះ ត្រូវបានលោកត្រាំបញ្ជាក់ថា គឺត្រូវបានបញ្ចប់ឡើងដោយគ្មានដំណើរការអ្វីគួរឲ្យចាប់អារម្មណ៍បន្តិចសោះ។
ទោះយ៉ាងណា កិច្ចចរចាថ្មីនៅជុំក្រោយនេះ ត្រូវបានកំណត់រួចហើយ ដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក នៅក្នុងខែកញ្ញាខាងមុខ។
ផលិតផលចិន ដែលនឹងត្រូវរងការដាក់ពន្ធគយបន្ថែមថ្មីនេះ ត្រូវបានគេដឹងថា រួមបញ្ជូលនូវប្រភេទទំនិញដូចជាស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍អេឡិចត្រូនិកជាដើម។ មានក្រុមហ៊ុនអាមេរិកខ្លះបានព្រមានថា ការដំឡើងថ្លៃទំនិញលក់នៅលើទីផ្សារគឺនឹងមិនអាចគេចផុតបានឡើយ បើសិនជាទំនិញរបស់ខ្លួនដែលនាំចូលពីចិនពិតជាត្រូវបានដំឡើងពន្ធគយនាំចូលមែននោះ។
ការប្រកាសអំពីការដំឡើងពន្ធគយថ្មីនេះ ក៏បានបង្កឱ្យមានប្រតិកម្មភ្លាមៗពីសាជីវកម្មអាមេរិក ដូចជា ក្រុមហ៊ុនចែកចាយស្បែកជើង និងក្រុមហ៊ុនលក់រាយអាមេរិក រួមមាន Nike និង Walmart បានចេញសេចក្តីថ្លែងការណ៍មួយម៉ោងបន្ទាប់ ពីការបង្ហោះសាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅបណ្ដាញសង្គម Twitter ដោយក្រុមហ៊ុនទាំងនោះ បានបញ្ជាក់ជំហររបស់ខ្លួនថា ពួកគេនឹងមិនទទួលយកព័ត៌មានអំពីការដំឡើងពន្ធនេះទេ។
គ្រាន់តែមានភាពរំជើបរំជួលដោយសារតែការគំរាមដំឡើងពន្ធគយថ្មី លើទំនិញចិនេះភ្លាម នៅថ្ងៃសុក្រ ទី០២ សីហានេះ គេសង្កេតឃើញសន្ទស្សន៍ផ្សារហ៊ុន Hang Seng ក្នុងទីក្រុងហុងកុង និងNikkei នៅក្នុងទីក្រុងតូក្យូ គឺបានធ្លាក់ចុះ២,៤% នៅម៉ោងជួញដូរពេលរសៀល ខណៈដែលសន្ទស្សន៍ភាគហ៊ុន សៀងហៃ មានការដាំក្បាលចុះ១,៧%។
រដ្ឋលេខាធិកាអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងទីក្រុងបាងកកប្រទេសថៃ ខណៈដែលលោកកំពុងចូលរួមកិច្ចប្រជុំអាស៊ានថា ប៉ុន្មានទសវត្សរ៍មកនេះ ប្រទេសចិន បានទាញប្រយោជន៍ជាច្រើនពីការធ្វើពាណិជ្ជកម្មជាមួយអាមេរិក រួមទាំងប្រទេសនៅក្នុងតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ជាដើម។
លោក Pompeo បានបញ្ជាក់ទៀតថា «លោក ប្រធានាធិបតី ត្រាំ បាននិយាយថា យើងនឹងបន្តធ្វើវាឲ្យប្រសើរឡើងវិញ ហើយការធ្វើឲ្យប្រើសើរឡើងនេះ វាត្រូវការការប្ដេជ្ញាចិត្ត»។
តាមរយៈសារព័ត៌មានជប៉ុន Nikkei Asian Review អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានលើកឡើងថា ការសម្រេចចិត្តដំឡើងពន្ធរបស់លោកត្រាំ គឺហាក់ធ្វើឡើងលឿនរហ័ស ដោយមិនទាន់ទាំងបានថ្លឹងថ្លែងបានពេញលេញគ្រប់ជ្រុងជ្រោយនៅឡើយ។ អ្នកសេដ្ឋកិច្ចខ្លះទៀត បន្តថា ការសម្រេចចិត្តរបស់លោកត្រាំនាពេលនេះ គឺជាការប្រថុយប្រថាននឹងហានិភ័យដោយសារតែលោកមិនអាចឲ្យចិនធ្វើតាមបំណងខ្លួនលោកចង់បាន។ ប៉ុន្ដែ លោកត្រាំលេងមួយក្ដាថ្មីនេះ គឺហាក់ដូចជាកំពុងរាយគ្រាប់គ្រោះបន្ថែមទៅលើផ្លូវនៃសេដ្ឋកិច្ចអាមេរិកអញ្ចឹងដែរ។
ក៏មានអ្នកជំនាញផ្សេងទៀតដែរ បានចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំ នាពេលនេះ គឺជា ល្បែង លេងធំ បើចាញ់ក៏ធំ ឈ្នះក៏ធំ ពោលគឺ លោកត្រាំកំពុងតែស្វិតស្វាញខ្លាំងណាស់ដើម្បីរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនឲ្យបានមុនការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ។ ប៉ុន្ដែល្បែងក្ដាថ្មីនេះ លោកត្រាំ ហាក់ដូចជាមើលខុសចំពោះការដាក់សម្ពាធ និងការឆ្លើយតបរបស់ចិន។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានដំឡើងពន្ធលើទំនិញចិន
ចុងក្រោយ កាលពីខែឧសភា ដែលបានដំឡើងពន្ធលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារអាមេរិក
ក្នុងអត្រាពន្ធរហូតដល់២៥%។
ជាការឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធលើទំនិញចិនថ្មី លើទំនិញចិនតម្លៃ ៣០០ ពាន់លានដុល្លារនេះដែរ លោក រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បាននិយាយថា ការសម្រេចដំឡើងពន្ធថ្មីរបស់លោកត្រាំនេះ គឺនឹងមិនអាចដោះស្រាយសង្គ្រាមពាណិជ្ជកម្មបានឡើយ។
លោក Wang បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា «ការបន្ថែមពន្ធគយ គឺពិតជាមិនមែនជាមធ្យោបាយស្ថាបនា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ។ វាមិនមែនជាមធ្យោបាយត្រឹមត្រូវឡើយ»៕